(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានរកឃើញថា ការនាំចេញលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅតែល្អប្រសើរ ហើយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាទីផ្សារឈានមុខសម្រាប់សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា។
របាយការណ៍របស់អង្គការ ILO ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការនាំចេញលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បន្តកើនឡើងក្នុងល្បឿនដ៏រឹងមាំមួយក្នុងឆ្នាំ២០១៦ ដោយមានការកើនឡើងចំនួន ៧,២ភាគរយ ដល់ ៧,៣ពាន់លានដុល្លារអាមេរិក តែចំនួននៃរោងចក្រនាំចេញ ដែលបានចុះបញ្ជីជាផ្លូវការក្នុងវិស័យនេះធ្លាក់ចុះ ១០,៤ភាគរយ ហើយចំនួនកម្មករបានធ្លាក់ចុះចំនួន ២,៩ភាគរយ ក្នុងឆ្នាំ២០១៦ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
របាយការណ៍របស់អង្គការ ILO ក៏បានឲ្យថា សម្លៀកបំពាក់ និងស្បែកជើងនៅតែជាផលិតផលនាំចេញដ៏សំខាន់បំផុតរបស់កម្ពុជា ដែលតំណាងឲ្យប្រមាណ ៧៨ភាគរយ នៃផលិតផលទំនិញនាំចេញសរុបរបស់ប្រទេសក្នុងឆ្នាំ២០១៦ ហើយសហភាពអឺរ៉ុប នៅតែជាគោលដៅទីផ្សារសំខាន់បំផុតសម្រាប់ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ខណៈសហរដ្ឋអាមេរិកស្ថិតក្នុងលំដាប់លេខពីរ។
ILO បានឲ្យដឹងទៀតថា ការនាំចេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទៅកាន់ទីផ្សារសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិករួមគ្នា តំណាងឲ្យប្រមាណតែ ៦៥ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០១៦ ធ្លាក់ចុះពី ៧២ភាគរយក្នុងឆ្នាំ២០១៥ ប៉ុន្តែត្រូវបានបំពេញមកវិញដោយកំណើនទីផ្សារនៅក្នុងប្រទេសផ្សេងទៀត ជាពិសេសជប៉ុន និងកាណាដា។
ក្នុងរបាយការណ៍ ក៏បានរំលេចផងដែរថា ចំណូលប្រចាំខែជាមធ្យម (រួមទាំងប្រាក់ម៉ោងបន្ថែម) របស់កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា បានកើតឡើងពី ១៤៥ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ ដល់ ១៧៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៥ និងដល់ ១៩៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ បើគណនាសម្រួលសម្រួលជាមួយអតិផរណា ប្រាក់ឈ្នួល/ចំណូលពិតប្រចាំខែមធ្យមក្នុងឆ្នាំ២០១៦ កើន ៨ភាគរយ ខ្ពស់ជាងឆ្នាំ២០១៥។
តែទោះជាយ៉ាងណា អង្គការអន្តរជាតិខាងការងារមានការព្រួយបារម្ភពីការធ្លាក់ចុះ នៃចំនួនការងារលើវិស័យកាត់ដេរ និងសម្លៀកបំពាក់ ដោយសារតែរោងចក្រម៉ៅការ ដែលគួរតែមានការត្រួតពិនិត្យពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។
លោក ម៉ូរីហ្ស៊ីអូ ប៊ូស៊ី នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានថ្លែងថា កំណើនការងារ និងផលិតកម្មនៅក្នុងរោងចក្រម៉ៅការបន្តជាការព្រួយបារម្ភមួយ ប្រសិនបើការម៉ៅការបន្តកំពុងត្រូវបានគេប្រើប្រាស់ជាវិធីដើម្បីចៀសវាងច្បាប់ និង ក្របខណ្ឌគតិយុទ្ធរួមទាំងច្បាប់ការងារ និងប្រាក់ឈ្នួលអប្បបរមា។
លោក ម៉ូរីហ្ស៊ីអូ ប៊ូស៊ី បានលើកឡើងទៀតថា រោងចក្រម៉ៅការ មិនដូចរោងចក្រនាំចេញដេលបានចុះបញ្ជីនោះទេ។ អ្នកម៉ៅការបន្ត មិនត្រូវបានត្រួតពិនិត្យតាមដានដោយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានោះទេ ហើយក៏អាចមានការយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នអនុវត្តច្បាប់ជាតិ តិចជាងរោងចក្រធម្មតាដែរ។
លោក ប៊ូស៊ី បានបញ្ជាក់ថា «ស្ថានភាពនេះ គួរត្រូវបានតាមដានដោយប្រុងប្រយ័ត្នពីសំនាក់ភាគីពាក់ព័ន្ធ និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា»។
របាយការណ៍របស់ ILO ក៏បានគូសបញ្ជាក់ពីកត្តាចម្បងចំនួន៣ ដែលអាចរួមចំណែកដល់ភាពខុសគ្នារវាងការនាំដែលមានលក្ខណៈរឹងមាំល្អ និងការធ្លាក់ចុះចំនួនការងារ និងការបង្កើតសហគ្រាសថ្មី។ កត្តាទាំងនោះរួមមាន៖ ការកើនឡើងនូវផលិតភាព របស់ឧស្សាហកម្ម, បញ្ហាផ្នែកស្ថិតិទាក់ទងការវាស់វែងចំនួនការងារ និងចំនួនរោងចក្រ និងកំណើនផលិតកម្មនៅក្នុងរោងចក្រម៉ៅការបន្ត៕