(ភ្នំពេញ)៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ដល់គណបក្សសង្រ្គោះជាតិ ដែលប្រកាសប៉ុនប៉ងលុប ក្រសួងអភិវឌ្ឍជនបទ បើសិនជា ពួកគេឈ្នះឆ្នោត។ លោកចាត់ទុកថា ការប៉ុនប៉ងលុបក្រសួងអភិវឌ្ឍជនបទ ដែលបានខិតខំកសាងអភិវឌ្ឍនៅមូលដ្ឋាន បង្ហាញថា គំនិតគណបក្សប្រឆាំងគ្មានគិតគូពីតម្រូវការរបស់ប្រជាជនឡើយ។
លោក សុខ ឥសាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «សកម្មភាពរបស់ក្រសួងអភិវឌ្ឈន៍ជនបទ បានជំរុញការស្ថាបនាសំណង់ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានា បានយ៉ាងច្រើនសន្ធឹកសន្ធាប់គួរកត់សម្គាល់។ ផ្ទុយទៅវិញ បែរជាគណបក្សសាង្គ្រោះជាតិ ប្រកាសរំលាយចោលក្រសួង ដ៏មានសារសំខាន់នេះទៅវិញ នៅពេលគេឈ្នះឆ្នោត។ ទោះបីគណបក្សប្រឆាំង និយាយថា យកចិត្តទុកដាក់ពីប្រជាជន មូលដ្ឋានយ៉ាងណាក្តី ក៏ការសម្រេចលុបចោលក្រសួងនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សនេះ គ្មានគិតគូពីការលំបាក តម្រូវការរបស់ប្រជាជនឡើយ»។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានសន្យាទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា បើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត នៅពេលខាងមុខ បានដឹកនាំប្រទេស ខ្លួននឹងរំលាយចោលនូវក្រសួងអភិវឌ្ឍន៍ជន ដើម្បីកុំឲ្យចំណាយលុយច្រើន ហើយទម្លាក់ កញ្ចប់លុយទាំងនោះទៅអភិវឌ្ឍន៍ទៅថ្នាក់ឃុំ-សង្កាត់ចាត់ចែងផ្ទាល់វិញ។ ក្រោយការប្រកាសនេះ មានអ្នកជំនាញ និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើន សម្តែងការប្រតិកម្មថា មិនអាចទទួលយកបាន។
ក្នុងកិច្ចពិភាក្សាតុមូលស្ដីពីគោលនយោបាយរបស់គណបក្សសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោក សុខ ទូច អ្នកស្រាវជ្រាវបញ្ហាសង្គម និងវិភាគនយោបាយនៅកម្ពុជា បានថ្លែងរិះគន់ជាខ្លាំងចំពោះបំណងលុបបំបាត់ ក្រសួងអភិវឌ្ឍន៍ជនបទនេះ។ លោក សុខ ទូច បញ្ជាក់ថា ការលុបបំបាត់ ក្រសួងអភិវឌ្ឍន៍ជនបទមិនមែនជាដំណោះស្រាយជួយឲ្យការអភិវឌ្ឍឃុំ សង្កាត់ បានល្អប្រសើរ និងរីកចម្រើននោះឡើយ។
រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានបង្កើតក្រសួងអភិវឌ្ឈន៍ជនបទ នៅក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ១៩៩៣ ដើម្បីរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ។ ជំហរនៃក្រសួងនេះ គឺបង្ហាញឱ្យឃើញនូវសារសំខាន់ក្នុងការយកចិត្តទុក ដាក់ទៅលើ «ការលើកស្ទួយកំរិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជារាស្ត្រជនបទ»។ ក្រសួងនេះទទួលខុសត្រូវលើការងារអភិវឌ្ឍជនបទចំរុះថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងក្របខណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើកស្ទួយកំរិតនៃការរស់នៅ និងគុណភាពនៃជីវភាពរបស់ប្រជារាស្ត្រជនបទ ដោយកាត់បន្ថយ ភាពក្រីក្រតាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជា ផ្លូវលំជនបទ ការផ្គត់ផ្គង់ទឹក ជនបទជាដើម៕