(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសពន្យារពេលការចូលជាធរមាន នៃបទប្បញ្ញត្តិថ្មី «ហាមការនាំចូលអង្ករ មានសារធាតុទ្រីស៊ីក្លាសូល លើសពីកំរិតកំណត់» ទៅចុងខែកញ្ញា ឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះផ្សាយនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «តាមរយៈជំនួបលោក ​សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដោយក្នុងជំនួបនោះ សហអឺរ៉ុបបានបង្ហាញពីភាពវិជ្ជមាន ហើយកាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលការបញ្ជាក់ថា ការចូលជាធរមានក្នុងការអនុវត្តបទបញ្ញតិថ្មីរបស់សហភាពអឺរ៉ុប ដែលនឹងហាមការនាំចូលអង្ករដែល មានសារធាតុទ្រីស៊ីក្លាសូល លើស០.០១​mg/kg អង្ករ បានពន្យារពេលការចូលជាធរមានរហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីការផ្សព្វផ្សាយនៃបទប្បញ្ញតិនេះ នឹងត្រូវធ្វើនៅចុងខែមិថុនា ឆ្នាំ២០១៧»។

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា ដោយហេតុនេះសមាជិកសមាជិកាក្រុមហ៊ុននាំចេញទាំងអស់ នឹងបន្តប្រតិបត្តិនាំចេញរបស់ខ្លួន តាមលក្ខខណ្ឌចាស់ ដដែលរហូត ដល់កាលបរិច្ឆេទបានកំណត់ខាងលើនេះ៕