(ភ្នំពេញ)៖ ថ្ងៃបិទបញ្ចប់ការឃោសនារកសម្លេងឆ្នោត ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ! លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសហែក្បួនមនុស្សជិត៥ម៉ឺននាក់ ខណៈសម្តេចតេជោ ហ៊ុន សែន​ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងចេញដឹកនាំសមាជិកផ្ទាល់ជាង១៥ម៉ឺននាក់ មានប្រវែងពេលហែរជាង៣០គីឡូម៉ែត្រ ពេញរាជធានីភ្នំពេញ ពោលក្បាលក្បួននៅរង្វង់មូលស្ពានជ្រោយចង្វារ និងកន្ទុយក្បួននៅផ្លូវ៦០ម៉ែត្រឯណោះ។

លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះថា ការហែក្បួន ឃោសនារបស់គណបក្សសង្រ្គោះជាតិ សាលារាជធានីភ្នំពេញ មិនមានអ្វីជំទាស់នោះទេ ប៉ុន្តែត្រូវរៀបចំកុំឲ្យមានការជាន់ផ្លូវគ្នាតែប៉ុណ្ណោះ។

អភិបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា «បងប្អូន ប្រជាពលរដ្ឋសមាជិក សមាជិកា និងអ្នកស្រឡាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា មានចំនូនរហូតដល់ជាង១៥ម៉ឺននាក់ តាមភូមិសង្កាត់នានា ក្នុងរាជធានីភ្នំពេញ នឹងមកចូលរួមអបអរសាទរ ហែក្បូននៅថ្ងៃចុងក្រោយជាមួយសម្ដេចតេជោ ហ៊ុន សែន»។ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ចំនួនសមាជិកចូលហែក្បួន អាចនឹងមានការកើនឡើងបន្ថែមទៀត នៅថ្ងៃហែរនោះ។

ក្បូនយុទ្ធនាការដ៏ធំសម្បើមរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប្រធានគណបក្សកាន់អំណាច​ដ៏មានឥទិ្ធពល នឹងជួបជុំគ្នានៅតាមផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ នឹងដង្ហែតាមដងវិថីពេញរាជធានីភ្នំពេញ។

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញបង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនា​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំឃោសនាផ្ទាល់ដោយប្រធាន​គណបក្សកាន់​អំណាចដ៏មានឥទិ្ធពល សម្ដេចតេជោ ហ៊ុន សែន មានសមាជិកចំនួន ជាង១៥ម៉ឺននាក់ ហែក្បួន​ពេញរាជធានី​ភ្នំពេញចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ម្តុំរង្វង់មូលចោមចៅ។ នៅក្នុងការដង្ហែក្បួននោះមានក្បួនចំនួនរហូតដល់១៦ក្បួន គ្រប់បណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានរយៈពេល១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនារកសំឡេង​ឆ្នោតរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ដោយមិនសូវមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រ ឬអ្នកដង្ហែបក្សនយោបាយនោះឡើយ។ ភាពល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ដោយសារតែមានការៀបចំល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដោយសារតែបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ៕