(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងជុំរុញឲ្យមន្ត្រី និងពលអាវុធហត្ថទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ឲ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ថ្លែងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងារខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០១៧ មូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបន្តថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅសល់តែរយះពេល៥ថ្ងៃ ទៀតតែប៉ុណ្ណោះ ដូច្នេះរយះពេលនេះហាក់បីដូចជាលឿនណាស់ តាមបញ្ជាការដ្ឋាន ក្រុង-ស្រុកទាំងអស់ត្រូវប្រជុំដាក់ផែនការរៀបចំកម្លាំង ដាក់តាមការិយាលយ័បោះឆ្នោតនានា ក្នុងគោលបំណងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោត និងគណបក្សនយោបាយនានា ដែលបានចុះបញ្ជីរួចនៅគណះកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាកាណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះវិហារ ក៏ដូចជាការប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ច និងបទបញ្ជារផ្ទៃក្នុង កងរាជអាវុធហត្ថឃើញថានៅខែឧសភា កម្លាំងកងរាជអាវុធហត្ថខេត្ត យើងបានអនុវត្តន៍ សម្រេចនូវការងារជាច្រើន ដែលចំណុចនេះ លោកសូមសំដែងនូវ ការកោតសរសើរហើយចំណុចដែលនៅសេសសល់ តិចតួចយើង និងរួមគ្នាធ្វើ ឲ្យបានមួយរយភាគរយជាពិសេស គឺការពារសន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន ឈរជើងឲ្យបានល្អ និងបង្ក្រាបបទល្មើសនានា ឲ្យមានប្រសិទ្ធភាព៕