(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះថា សំណុំរឿងសកម្មជនបក្សសង្គ្រោះជាតិជាង១០នាក់ ព្រួតវាយបុរសម្នាក់បណ្តាលឲ្យជាំហើមភ្នែក ក្បាល និងលើខ្លួនប្រាណ ជាច្រើនកន្លែងនោះ ត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត។
លោក តេង ស៊ីណូ បានបញ្ជាក់ថា «នៅពេលនេះយើង បានបញ្ជូនសំណុំរឿង ទៅកាន់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញហើយ ដើម្បីបញ្ជូន និងចារឯកភាពពីតុលាការ ឈានទៅដល់ការចាត់ការ ស្រាវជ្រាវបន្តទៀត»។
សូមបញ្ជាក់ថា បុរសរងគ្រោះដោយសារក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ព្រួតវាយធ្វើបាប គ្រាន់តែបើកម៉ូតូឆ្លងកាត់ក្បួនដង្ហែបក្សរបស់ពួកគេនោះ បានរៀបរាប់នៅក្នុងពាក្យបណ្តឹង ដែលប្តឹងនៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យថា នៅពេលកើតហេតុអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរហូតជាង ១០នាក់ បានមកព្រួតវាយខ្លួនបណ្តាលឲ្យជាំហើមភ្នែកខាងឆ្វេង ក្បាល និងលើខ្លួនប្រាណជាច្រើនកន្លែង។
បុរសរងគ្រោះឈ្មោះ សេក សាម៉ុន អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិវាលម្លម ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងបច្ចុប្បន្នស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយមានមុខរបរជាអ្នកបើកគ្រឿងចក្រកាយដី។
នៅក្នុងពាក្យបណ្តឹង របស់បុរសរងគ្រោះដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ថា «នៅវេលាម៉ោង ប្រមាណ៥៖៤៥នាទី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ខ្ញុំបានបើកម៉ូតូមកពីលេងផ្ទះបងនៅភូមិទ្រា លុះមកដល់ផ្លូវមុនីរ៉េត ខ្ញុំក៏បត់ចូលទៅផ្លូវកែង ចាក់សំរាមភូមិដំណាក់ធំ ពេលនោះឃើញគណបក្សសង្គ្រោះជាតិ កំពុងដង្ហែក្បួនឃោសនា ហើយខ្ញុំក៏ជិះម៉ូតូឆ្លងកាត់ទៅផ្ទះ។ ពេលជិះឆ្លងកាត់នោះ ស្រាប់តែមានសមាជិក គណបក្សសង្គ្រោះជាតិម្នាក់ ដែលកំពុងឈរថតរូប យកចង្កោមសោមកគប់លើខ្ញុំ ក្បែរក្បាល ហើយខ្ញុំក៏បានឈប់ម៉ូតូបម្រុងសួរនាំ ស្រាប់តែម្នាក់ដែលជេរខ្ញុំនោះ ក៏ជេរម្រ៉ាយខ្ញុំ។ បន្ទាប់មកក៏ត្រូវសមាជិក គណបក្សសង្គ្រោះជាតិ ប្រហែលជាង១០នាក់ បាននាំគ្នាស្ទុះមកវាយខ្ញុំ បណ្តាលឲ្យរបួសជាំហើមភ្នែកខាងឆ្វេង ក្បាលជាច្រើនកន្លែងទៀត បណ្តាលឲ្យឈឺពេញក្បាល និងនាំគ្នាព្រួតវាយទាត់ធាក់ខ្ញុំ ជាច្រើនកន្លែង ពេញខ្លួនប្រាណ រហូតមានប្រជាពលរដ្ឋ នៅក្បែរនោះជួយឃាត់»។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បុរសរងគ្រោះបានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិទាំងនេះ នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានវាយទាត់ធាត់លើរូបគាត់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧៕