(ភ្នំពេញ)៖ ជារឿងឆបោកទ្រង់ទ្រាយធំ និងជាប្រព័ន្ធមួយ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋជិត៨ពាន់នាក់ ក្នុង១១រាជធានី-ខេត្ត បានចាញ់បោកក្រុមអង្គការចំនួន២ និងក្រុមហ៊ុន១ គិតជាទឹកប្រាក់ជាង៦០លានដុល្លារ ក្រោមរូបភាពថា យកលុយទៅដាក់នឹងបានថ្លៃការប្រាក់ខ្ពស់ ប្រចាំខែ ប៉ុន្តែតាមការពិត នៅពេលយកលុយដាក់ហើយ គឺបានថ្លៃការស៊ីពី២ទៅ៣​​ខែប៉ុណ្ណោះ លុះខែបន្ទាប់មិនទទួលបានការ ព្រមទាំងអស់លុយដើម ទៀតផង។

ករណីឆបោកក្នុងរូបភាពដ៏មួយនេះ បានកើតឡើងជាច្រើនខែមកហើយ និងគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋរងគ្រោះ មានរហូតទៅដល់ជាង៨០០០នាក់ឯណោះ ប៉ុន្តែទើបតែមានប្រជាពលរដ្ឋ៣៥នាក់ បានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ។ ដោយសារតែការចាញ់ បោករហូតដល់អស់ប្រាក់រាប់លានដុល្លារបែបនេះ ទើបនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ មន្រ្តីរាជរដ្ឋាភិបាល និងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានរៀបចំធ្វើសន្និសីទ កាសែតមួយ ដើម្បីពន្យល់ និងបកស្រាយបញ្ហាទាំងនេះដល់សាធារណជនឲ្យបានដឹង។

សន្និសីទកាសែតទាំងនេះ បានធ្វើឡើងក្រោមវត្តមានលោក ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក កើត​​ រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

លោក ងី ចន្ទ្រផល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយពីការចាញ់បោកក្រុមអង្គការ និងក្រុមហ៊ុនរួចមក ពលរដ្ឋបានដាក់ពាក្យបណ្តឹង មកក្រសួងមហាផ្ទៃ និងតុលាការ ដើម្បីឲ្យជួយដោះស្រាយ។ ក្រោយទទួលបណ្តឹង ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំធ្វើសន្និសីទសារព័ត៌មានសាធារណៈ ស្ដីពីចំណាត់ការផ្លូវច្បាប់ចំពោះ អង្គការមូលនិធិអាស៊ីអាគ្នេយ៍ (AIF) , សមាគមអ្នកប្រឹក្សាយោបល់ ផ្នែកវិនិយោគ (ICA) ,ក្រុមហ៊ុនប៊ីអិន អ៊ិនវេសម៉ិន អ៊ែតវ៉ាយហ្សឺរី និងក្រុមហ៊ុន EBC ព្រមទាំងបុគ្គលពាក់ព័ន្ធក្នុងករណី ប្រតិបត្តិការគ្មានការអនុញ្ញាត ក្នុងវិស័យ មូលបត្រ នាទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

ក្នុងសន្និសីទសារព័ត៌មាននោះ លោក ងី ច័ន្ទ្រផល បានបន្តថា ក្រសួងបានទទួលពាក្យបណ្តឹង មកមានច្រើនករណីក្នុងនោះមានស្នាមមេដាយ ផ្តិតនៅតាមពាក្យបណ្តឹងមានប្រហែល៧៤៣០នាក់ ដែលពាក្យបណ្តឹងទាំងនេះ ក្រសួងមហាផ្ទៃទទួលបាន និងបានបញ្ជូនទៅតុលាការ។ មានបណ្តឹងមួយចំនួន អ្នករងគ្រោះក៏បានបញ្ជូនទៅតុលាការដោយខ្លួនឯងផងដែរ ហើយគិតជាទឹកប្រាក់មានចំនួនច្រើនលើសលប់។

លោក ងី ចន្ទ្រផល បានបញ្ជាក់ថា «ថវិកាដែលយកមកបូកសរុប ទៅខ្ទង់៦០លានដុល្លារអាមេរិក គឺម្នាក់ៗស្មើនឹងជិត៨ពាន់ដុល្លារនេះ គិតជាមធ្យម។ក្រុមនេះមានបំណងធ្វើឲ្យមានហានិភ័យ ក្នុងសង្គម និងបង្កឲ្យមានបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ព្រោះមានអ្នកខ្លះដាក់លុយទៅ១ពាន់ដុល្លារឃើញ តួលេខកើនឡើង ក៏ដាក់លុយបន្ថែមទៀត រហូតមានអ្នកខ្លះលក់ដី និងលក់ផ្ទះជាដើម ដើម្បីបានលុយច្រើនពី ក្រុមហ៊ុនទាំងនោះមកវិញ»

ក្នុងឱកាសនោះដែរ ក្រសួងពាក់ព័ន្ធក៏បានបង្ហាញមុខសញ្ញា ជនឆបោកយកលុយ ប្រជាពលរដ្ឋក្នុងវិស័យ មូលបត្រទាំងនោះផងដែរ ហើយនៅពេលនេះកំពុងមានចំណាត់ការ និងស្រាវជ្រាវតាមចាប់។

លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សកម្មភាពជនមួយចំនួនធ្វើកន្លងមក មិនមែនជាសកម្មភាព ដែលផ្អែកទៅលើមូលបត្រទេ វាជាសកម្មភាពបោកប្រាស់ ដែលប្រមូលលុយពីប្រជាពលរដ្ឋ ដោយសន្យាផ្តល់ទៅប្រជាពលរដ្ឋនូវចំណូលដ៏ខ្ពស់ ក្នុងអត្រា១០ភាគរយក្នុងមួយខែ ឬ១២០ភាគរយក្នុងមួយឆ្នាំ។

លោកស្រី ងួន សុខា បានថ្លែងថា «សកម្មភាពនេះមិនមែនកើតឡើង តែលើកទីមួយនៅក្នុងប្រទេសយើងនោះទេ Cashiers ប្រតិបត្តិការពីរ៉ាមីតនេះ  គឺជាការដើរប្រលុយតៗ គ្នាពីប្រជាជនដែលមកដាក់ខ្លួនឯង ដំបូងហ្នឹងទៅប្រមូលមនុស្សបន្តៗគ្នា គឺបានកើតមានឡើងនៅលើពិភពលោក ពិសេសប្រទេសធំៗ ហើយប្រតិបត្តិការនេះ វាបានបែកធ្លាយនៅពេល ដែលអ្នករងគ្រោះបានដាក់ពាក្យបណ្តឹង​ ហើយករណីនេះធ្វើឲ្យអាជ្ញាធរមាន ការលំបាកក្នុងការបង្រ្កាបណាស់ ព្រោះវាមានលក្ខណៈដូចជាប្រជាជននាំគ្នាលេងទុងទីនអញ្ចឹង»

លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ករណីនេះជាសុំណុំរឿងដ៏ធំមួយសម្រាប់កម្ពុជា ដែលធ្វើឲ្យពីរដ្ឋកម្ពុជាជាច្រើនពាន់នាក់​បានរងគ្រោះ និងខាតបង់ថវិកាអស់រាប់សិបលានដុល្លារ ហើយខាងក្រសួងបានទទួលពាក្យបណ្តឹងនេះរួចខ្លះហើយ នៅចាំតែការអនុវត្តន៍តាម​នីតិវិធីតុលាការតែប៉ុណ្ណោះ៕