(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មី​មួយទៀតហើយ មានឈ្មោះថា អេចអាយម៉ាក្រូ ​អិនសូរេន (H.I Micro Insurance) បានបង្ហាញខ្លួន​ឡើង នៅក្នុងប្រទេស​កម្ពុជា ដោយបានប្រើទុនសរុប​​ ប្រហែល៣០លានដុល្លារ និងមានគោលដៅគិតគូ ចំពោះបញ្ហាអាយុជីវិត​ពីគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវជារាល់ថ្ងៃ ដែលជាអាទិភាពចំបងរបស់ក្រុមហ៊ុន។

លោក សារិន រ៉ាត់ណាត់ដាណៃ នាយកនៃក្រុមហ៊ុន H.I Micro Insurance បានថ្លែងក្នុង​ពិធីសម្ពោធ​ នាពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ថា ក្រុមហ៊ុនH.I Micro Insurance ត្រូវបានបង្កើតឡើង ដោយក្រុមអ្នកវិនិយោគមកពីប្រទេសកម្ពុជា ថៃ និង អូស្រ្តាលី ដែលយកចិត្តទុកដាក់ ពីសុវត្ថិភាពលើក​ដងផ្លូវធ្វើដំណើរ នៅកម្ពុជា ខណៈដែលបញ្ហាសុវត្ថិភាព លើ​ដងផ្លូវធ្វើដំណើរនេះ នៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការពិត បណ្តាប្រទេសភាគច្រើន នៅលើពិភពលោកមាន​សេវាធានារ៉ាប់រង គ្រោះថ្នាក់ ចរាចរណ៍​ គ្របដណ្តប់​ជនរងគ្រោះ យូរមកហើយ ប្រជាពលរដ្ឋទាំងនោះ ត្រូវជាប់កាតព្វកិច្ចបង់ធានារ៉ាប់រងនេះ។

នាយក​នៃក្រុមហ៊ុន H.I Micro Insurance រូបនេះ បានបញ្ជាក់ថា RVI ជាសេវាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ គ្របដណ្តប់លើជនរងគ្រោះ​នៅទូទាំងកម្ពុជា។ អ្នកបើកបរយានយន្តគ្រប់ប្រភេទ និង​អ្នកដំណើរទាំងអស់ នឹងទទួលបានការព្យាបាលភ្លាមៗ និងសេវាហិរញ្ញវត្ថុក្នុងករណីមានគ្រោះ​ថ្នាក់ចរាចរណ៍។ ការសម្រេចចិត្ត​បង្កើត RVI គឺដោយសារអាត្រាគ្រោះថ្នាក់ចរាចរណ៍​នៅកម្ពុជា នៅមានកម្រិតខ្ពស់ ដែលជាមូលហេតុសំខាន់ ធ្វើឲ្យមានអាត្រាមនុស្សស្លាប់ និងពិការភាពច្រើន ព្រមទាំងក្លាយជាបន្ទុក​ ផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ។

លោក សារិន រ៉ាត់ណាត់ដាណៃ បានប្រាប់បន្តទៀតថា ក្រុមហ៊ុនថ្មីមួយបំរើដល់ប្រជាពលរដ្ឋ ក្នុងការពារអាយុជីវិតចំពោះបញ្ហាគ្រោះថ្នាក់ ចរាចរណ៍​ដែលមិនដឹងមុន ឬ នៅពេលណាមួយ​កើតឡើង។ ​សេវាកម្មក្រុមហ៊ុននេះ មានលក្ខណៈពិសេស គឺជនរងគ្រោះទាំងសងខាង រួមទាំងអ្នកថ្មើរជើង ឬ​ភាគី ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍​ទាំងអស់ នឹងត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ភ្លាមៗ។ ជនរងគ្រោះទាំងអស់ មិនបាច់ចំណាយពេល​ឈ្មោះប្រកែកគ្នា រកខុសត្រូវឡើយ ពោលគឺខាង​ក្រុមហ៊ុននេះ ធានារ៉ាប់រង នឹងចេញថ្លៃសំណង លើការព្យាបាល និង​ហរិញ្ញវត្ថុ ហើយការស្វែងរកខុសត្រូវ ទុកឲ្យប៉ូលិសស៊ើបអង្កេតពេលក្រោយ។

សូមបញ្ជាក់ថា តម្លៃសេវា​ធានារ៉ាប់រង មានដូចជា​ ១៧ដុល្លារអា​មេរិក/ឆ្នាំ សម្រាប់ម៉ូតូ។ ២០ដុល្លារ​សម្រាប់​​ រឺម៉ក់កង់បី ឬម៉ូតូ បូកបន្ថែមផ្នែកផ្សេង​ទៀត។ ៧០ដុល្លារ/ឆ្នាំសម្រាប់​រថយន្តកង់បួន (អ្នកដំណើរ​មិនលើស៥នាក់)។ ៨០ដុល្លារ/ឆ្នាំ​សម្រាប់រថយន្តកង់បួន (អ្នកដំណើរលើស៥នាក់)។ និង៩០ដុល្លារ/ឆ្នាំ សម្រាប់រថយន្តផ្សេងៗ​ដែលមានកង់ច្រើនជាង៤៕