(កោះកុង)៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លេខរៀងពី១ ដល់៣ និងសមាជិកគណបក្សសង្រ្គោះជាតិ ប្រមាណ២៣នាក់ នៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នាថ្មីៗនេះ បានប្រកាសផ្តាច់ខ្លួនទាំងអស់គ្នាពីគណបក្សរបស់ពួកគេ ហើយទៅចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

* បេក្ខជន និងសមាជិកទូទាំងឃុំថ្មដូនពៅ របស់គណបក្សសង្រ្គោះជាតិ ប្រកាសឈប់ទាំងអស់គ្នា គ្មានសល់ម្នាក់។

តាមរយៈលិខិតរបស់​ បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៣រូប (លេខរៀងទី១ ដល់ទី៣) នៅឃុំថ្មដូនពៅ រួមមាន លោក ស៊ី លៀង, លោក ខ្លូត ប៊ុនធាន និង សឿង ធី ដែលសរសេរទៅកាន់ លោក ជិន សុផល ប្រធានប្រតិបត្តិខេត្តកោះកុងរបស់គណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា មូលហេតុ ដែលពួកគេចាកចេញពី គណបក្សសង្រ្គោះជាតិនាពេលនេះ ដោយសារតែបញ្ហាផ្ទាល់ខ្លួន។

ទោះជាយ៉ាងណា បើតាមសមាជិកផ្សេងទៀតរបស់គណបក្សសង្រ្គោះជាតិ ដែលបានចាកចេញពីជាមួយគ្នានេះ បានអះអាងថា ពួកគេបានអស់ជំនឿនឹងការដឹកនាំ របស់ គណបក្សសង្រ្គោះជាតិ ដែលបានតែសន្យាប៉ុន្តែពុំដែលបានអនុវត្តជាក់ស្តែង ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋានរបស់ពួកគេតែម្តង។ ពួកគេពុំដែល ឃើញថ្នាក់ដឹកនាំ បក្សសង្រ្គោះជាតិទៅដល់ និងអភិវឌ្ឍនៅមូលដ្ឋានរបស់ពួកគេទេ ប៉ុន្តែផ្ទុយទៅវិញឃើញតែមន្រ្តីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា មួយរយៈពេលនេះ គេសង្កេតឃើញថា សមាជិកគណបក្សសង្រ្គោះជាតិយ៉ាងច្រើន​ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សនេះ ហើយទៅចូលរួមជាមួយ គណបក្សប្រជាជន និងគណបក្សផ្សេងៗទៀត។ មូលហេតុនៃការចាកចេញនេះ ត្រូវបានអះអាងថា ដោយសារបញ្ហាបក្ខពួកនិយម អស់ជំនឿ រួមទាំងពុករលួយជាដើម៕