(ប៉ៃលិន)៖ ឆ្លៀតពេលដែលកម្លាំងសមត្ថកិច្ចជាប់រវល់ការពារសន្តិសុខ អំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ប៉ុន្មានថ្ងៃមកនេះ ក្រុមឈ្មួញកំហូចបានឈ្លៀតឱកាសដឹកឈើក្រញូងជួញដូរខុសច្បាប់ពីខេត្តមួយទៅខេត្តមួយ, ជាក់ស្ដែងកម្លាំងអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយ កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង ក្រោមការដឹកនាំដោយ លោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានចេញបង្ក្រាបរថយន្តដឹកប្រេងសាំងមួយគ្រឿង ចេញពីខេត្តប៉ៃលិន ដែលផ្ទុកឈើគ្រញូងពេញក្នុងស្ដេនសាំង រហូតឃាត់ជាប់នៅលើទឹកដី ខេត្តបាត់ដំបង កាលពីយប់មិញនេះ។
លោក តូច សុភក្ដី ព្រះរាជអាជ្ញាខេត្តប៉ៃលិន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា នៅម៉ោង៥ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោកបានទទួល ការរាយការណ៍មកថា មានរថយន្តដឹកឈើចេញនៅពេលយប់ ដោយឮដូច្នោះ លោកក៏បានបញ្ជាឲ្យកងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រៀមខ្លួនចាំឃាត់រថយន្តនោះ។ លុះដល់ម៉ោង១០យប់ ថ្ងៃដដែល មានរថយន្តដឹកប្រេងសាំងមួយគ្រឿង បានចេញពីទឹកដីស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឆ្ពោះទៅខេត្តបាត់ដំបង លោកបានបញ្ជឲ្យកម្លាំងអាវុធហត្ថ ដេញតាមរថយន្តដឹកសាំងខាងលើ រហូតចេញផុតពីទឹកដីខេត្តបៃលិន លោកព្រះរាជអាជ្ញាខេត្តប៉ៃលិន ក៏បានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ស្ទាក់ចាប់បាននៅជិតភ្នំសំពៅ និងធ្វើការឆែកឆេរតែម្ដង។ ក្នុងពេលឆែកឆេររថយន្តខាងលើ កម្លាំងសមត្ថកិច្ច បានរកឃើញសុទ្ធតែដុំឈើគ្រញូង រាប់សិបដុំនៅក្នុងស្ដេនសាំង និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលដំបូងឡើយ ពួកគេបានបដិសេធថា មិនបានដឹកឈើនោះទេ។
លោកព្រះរាជអាជ្ញាបានបន្តថា នៅពេលឃាត់ខ្លួនជនសង្ស័យខាងលើមានឈ្មោះ ធូ រស់នៅតំបន់ព្រុំ ក្នុងស្រុកសាលាក្រៅ បានទូរស័ព្ទទាក់ទងមកពួកគេជាញឹកញយ ដែលជាហេតុបង្ហាញឲ្យមានការសង្ស័យ។ ឃើញដូចនោះ កម្លាំងសមត្ថកិច្ចបានបន្តស៊ើបសួររកមេខ្លោង ក្រោយសាកសួរពួកគេទាំង២នាក់រួច ទើបដឹងថាមានឈ្មោះ ថា រស់នៅរាជធានីភ្នំពេញ ឈ្មោះ ធូ រស់នៅតំបន់ព្រំ និងឈ្មោះ ណុប រស់នៅខេត្តបៃលិន ជាមេក្លោងនៅពីក្រោយខ្នងអំពើល្មើសច្បាប់នេះ។
ទោះយ៉ាងណា លោកព្រះអាជ្ញា តូច សុភក្ដី បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចនឹងធ្វើការរាប់ចំនួន និងត្រួតពិនិត្យឈើខាងលើ នៅបញ្ជាការដ្ឋានអាវុធខេត្តបាត់ដំបង មុននឹងប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើខេត្ត៕