(ភ្នំពេញ)៖ ក្រុមហ៊ុន GE Healthcare របស់វៀតណាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំព្រឹត្តិការណ៍ «GE Healthcare Innovation Day» ក្នុងគោលបំណងបង្ហាញបច្ចេកវិទ្យា និងដំណោះស្រាយថ្មី ឆ្លើយតបតម្រូវការផ្នែកសុខាភិបាលនៅកម្ពុជា។

ព្រឹត្តិការណ៍ «GE Healthcare Innovation Day» នេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាលកម្ពុជា និងលោក Dararith Lim នាយកក្រុមហ៊ុន GE Healthcare ប្រចាំនៅកម្ពុជា ដោយមានការសហការជាមួយ បណ្ដាលក្រុមហ៊ុនតំណាងក្នុងស្រុក ដូចជា៖ ក្រុមហ៊ុន MediGroup Asia និង ក្រុមហ៊ុន SCI Limited។

លោក Dararith Lim នាយកក្រុមហ៊ុន GE ប្រចាំនៅកម្ពុជា បានថ្លែងថា «ក្រុមហ៊ុន GE បានប្តេជ្ញាចិត្តពង្រឹងប្រព័ន្ធសុខាភិបាល ធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងស្រុក ដើម្បីអភិវឌ្ឍដំណោះស្រាយដែលសមស្រប និងផ្តល់ផលចំណេញ ដល់ប្រទេសដែលមានសេដ្ឋកិច្ច កំពុងរីកចម្រើនដូចជាប្រទេសកម្ពុជា»។

លោកបានបន្តទៀតថា ផលប័ត្រ នៃផលិតផលនវានុវត្តន៍របស់ក្រុមហ៊ុន GE មានទំហំគ្របដណ្តប់គ្រប់ការថែទាំទាំងអស់ រួមមាន ការថែទាំម្តាយ និងកុមារការព្យាបាលដោយប្រើឧបករណ៍វិទ្យុសាស្រ្ត ការព្យាបាលជំងឺបេះដូង ការវះកាត់ និងថែទាំជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ បានលើកឡើងថា «ទន្ទឹមនឹងប្រទេសកម្ពុជាកំពុងវិវត្តខ្លួនទៅរកការ គ្របដណ្តប់ សុខភាពជាសកល កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុន GE Healthcare ក្រុមហ៊ុន MediGroup Asia និង ក្រុមហ៊ុន SCI នឹងធានាថា ប្រទេសកម្ពុជា អាចបំពេញតាមតម្រូវការ នៃការគាំពារសុខភាពរបស់ប្រទេស នៅក្នុងការចំណាយប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព»។

ក្នុងព្រឹត្តិការណ៍«GE Healthcare Innovation Day»នេះ អ្នកជំនាញក្រុមហ៊ុន GE បានចែករំលែកបន្ថែមលើដំណោះស្រាយ រួមមានការឆ្លុះអេកូស្វែង រកជំងឺមហារីកសុដន់ និងការចិញ្ចឹមបីបាច់ទារកទើប នឹងកើត ដោយបច្ចេកវិទ្យាចុងក្រោយបំផុតជាដើម។

លើសពីនេះទៀត ក្រុមហ៊ុន GE ក៏បានបង្ហាញនូវការផ្តល់ជូននូវដំណោះស្រាយថ្មីចុងក្រោយរបស់ខ្លួន មួយចំនួនផងដែរ រួមមាន៖ ម៉ាស៊ីន MR, ម៉ាស៊ីន ស្កានែរ, ម៉ាស៊ីនអេកូ, ឧបករណ៍សម្រាប់សង្រ្គោះជីវិត និងប្រភេទថ្នាំចាក់ធ្វើឲ្យឃើញភាពខុសគ្នា (Contrast Media)ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន GE បានបង្កើតឡើងនៅក្នុងបណ្តាប្រទេសអាស៊ាន អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ដោយផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា៖ ការនាំយក
បច្ចេកវិទ្យា និងដំណោះស្រាយ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់កំណើនឥតឈប់ឈររបស់អាស៊ាន និងបានផ្តល់ការងារដល់ ប្រជាជននៅក្នុងតំបន់ជាង ៧៥០០នាក់៕