(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍រស់នៅអគារប៊ូឌីញ «ស» ចំនួន ៤៦៤គ្រួសារ ស្មើនឹង ៩៤.៣០ភាគរយហើយ ដែលបានទៅចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួន ឲ្យទៅក្រុមហ៊ុន Arakawa របស់ជប៉ុន នៅក្រសួងរៀបចំដែនដី ពោលនៅសល់តែ ២៩គ្រួសារទៀតប៉ុណ្ណោះ។
សូមរំលឹកថា ក្រោមកិច្ចសម្របសម្រួលរបស់លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជាលើកចុងក្រោយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ តំណាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ «ស» បានព្រមព្រៀងគ្នាទិញ-លក់ ក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជាថ្នូរចាកចេញរបស់ពួកគាត់។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Arakawa ក៏បានជួយចេញថ្លៃក្នុងមួយគ្រួសារ ១០០ដុល្លារ ថែមទៀត ដើម្បីសម្រួលដល់ការរុះរើសម្ភារនានា ចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ។ សម្រាប់ការរុះរើនេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា នឹងអនុវត្តឡើងចាប់ពីខែមិថុនា ឆ្នាំ២០១៧ ខាងមុខតទៅ។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ នឹងបើកកិច្ចពិភាក្សាសារជាថ្មីជាមួយប្រជាពលរដ្ឋអគារប៊ូឌីញ ដែលបានចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួន ឲ្យក្រុមហ៊ុន Arakawa របស់ជប៉ុនរួចរាល់។ កិច្ចប្រជុំនេះ ក៏នឹងមានការចូលរួមពីអ្នកដែលមិនទាន់បានចុះកិច្ចសន្យាផងដែរ។
សូមជម្រាបថា អគារប៊ូឌីញ «ស» មានទំហំសរុបចំនួន ៤៩៣ឯកតា មានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕