(ភ្នំពេញ)៖ បុរសម្នាក់បន្ទាប់ពីចូលក្លឹប រួចផឹកស្រាស្រវឹងជោគជាំ នឹកឃើញរឿងចាស់ ដែលគេដោះគ្រឿងម៉ូតូលក់នឹកចិត្តខឹង បានទៅឡូឡាអុកឡុក និងយកដុំថ្ម ទៅគប់ផ្ទះ និងហាងសំអាងការបណ្តាលឲ្យខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្ញើលទាំងយប់ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់វាយខ្នោះយកមកចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្ទះលេខ៣១១B ផ្លូវ២០១១ ក្រុមទី៣ ភូមិតាងួនទី១សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សំ វ៉ាន់ហួរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់នំអាកោ ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯម្ចាស់ផ្ទះជាជនរងគ្រោះ ឈ្មោះ ម៉ម ខេមរ៉ា ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរសំអាងការ (សំអាងការអប្សារាខ្មែរស្តាយ) មានទីលំនៅ ផ្ទះលេខ៣១១B ផ្លូវ២០១១ ក្រុមទី៣ ភូមិតាងួនទី១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចមូលដ្ឋានដដែល បានបន្តទៀតថា ដំណើររឿងនៅមុនកើតហេតុ ជនបង្កបានចូលទៅផឹកស៊ី នៅក្លឹបឌីស្កូយីហោ «រ៉ីល្សែក» លុះដល់ម៉ោងកើតហេតុខាងលើ ជនបង្កបានចេញពីក្លឹបហើយក៏បានធ្វើសកម្មភាព យកដុំថ្មគប់ទៅលើ ផ្ទះសំអាងការ (យីហោអប្សារខ្មែរស្តាយ) ដោយខឹងកូនម្ចាស់ផ្ទះ ជិះម៉ូតូជាមួយប្អូនរបស់ខ្លួន ហើយដោះគ្រឿងម៉ូតូលក់ ទើបខ្លួនខឹង មកគប់ផ្ទះរបស់ជនរងគ្រោះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមក ប៉ុស្តិ៍នគរបាលកាកាប ដើម្បីធ្វើការសួរនាំ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕