(ភ្នំពេញ)៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានចេញ​ផ្សាយវីដេអូបង្ហាញពី នីតិវិធីនៃការបិទការបោះឆ្នោត និងការបូកសរុបដំណើរការបោះឆ្នោត, ដំណើរការ​នៃការរាប់​សន្លឹកឆ្នោត, ភារកិច្ចក្រមសីលធម៌ និងសិទ្ធិរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងបម្រាមសម្រាប់អ្នកសង្កេតការណ៍ នៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ខាងមុខ។

តើអ្វីទៅនីតិវិធីនៃការបិទការបោះឆ្នោត និងការបូកសរុបដំណើរការបោះឆ្នោត, ដំណើរការនៃការរាប់សន្លឹកឆ្នោត, ភារកិច្ច​ក្រមសីលធម៌ និងសិទ្ធិរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងបម្រាមសម្រាប់អ្នកសង្កេតការណ៍ នៅពេលបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ខាងមុខនេះ?

ខាងក្រោមគឺជាវីដេអូពន្យល់ពីបញ្ហាទាំងអស់នេះ ផលិតដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា៖

ទី១៖ នីតិវិធីនៃការបិទការបោះឆ្នោត និងការបូកសរុបដំណើរការបោះឆ្នោត៖

- ការបិទការិយាល័យបោះឆ្នោត នៅពេលដែលអ្នកបោះឆ្នោតចុងក្រោយបង្អស់បានបោះឆ្នោតរួច និងបានចេញផុតពីការិយាល័យបោះឆ្នោត។
- ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវចាត់វិធានការការពារច្រកចូលការិយាល័យបោះឆ្នោត កុំឲ្យអ្នកគ្មានភារកិច្ចចេញ-ចូលបាន។
- ប្រធានត្រូវបិទភ្ជិតសន្ទះប្រឡោះសម្រាប់ស៊កសន្លឹកឆ្នោត ព្រមទាំងបិទក្រដាសស្ដើងមួយសន្លឹក ដែលមានចុះហត្ថលេខារបស់ប្រធាន និងភ្នាក់ងារគណបក្ស។
- ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍អាចថតយកសកម្មភាព ក្រោយពីការប្រកាសបិទការបោះឆ្នោត ដោយសុំការអនុញ្ញាតពី ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត។
- នៅចំពោះមុខអ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវចាត់ចែងសមាជិកឲ្យធ្វើការផ្ទៀងផ្ទាត់ចំនួនអ្នកបោះឆ្នោត សន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតដែលមិនបានប្រើ និងសន្លឹកឆ្នោតខូច ប្រសិនបើមាន។

ទី២៖ ដំណើរការនៃការរាប់សន្លឹកឆ្នោត៖

- ការរាប់សន្លឹកឆ្នោត ត្រូវធ្វើនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក្នុងឃុំ-សង្កាត់ បន្ទាប់ពីការបិទការបោះឆ្នោត និង ការធ្វើកំណត់ហេតុនៃការបោះឆ្នោតចប់រួចរាល់ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
- គណៈកម្មការការិយាល័យបោះឆ្នោត ក្លាយជាគណៈកម្មការរាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត។
- បន្ទាប់ពីត្រួតពិនិត្យ ផ្ទៀងផ្ទាត់លេខសោឃ្លុំ និងក្រដាសស្ដើងដែលបិទពីលើបន្ទះប្រឡោះសម្រាប់ស៊កសន្លឹកឆ្នោត ប្រធានត្រូវបិទគម្របហិបឆ្នោត និងចាក់សនន្លឹកឆ្នោតឲ្យអស់ពីហិបឆ្នោតដាក់លើតុ។
- ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកបោះឆ្នោតបង្គាប់អនុប្រធាន សមាជិកទី១ ឲ្យលា និង តម្រៀបសន្លឹកឆ្នោត ដែលទើបចាកចេញពីហិបឆ្នោត ដោយដាក់ផ្កាប់ចុះក្រោម និងដាក់សន្លឹកឆ្នោតមានបោះត្រាសម្ងាត់ជាផ្លូវការនៅខាងខ្នង ក្នុងមួយបាច់ៗ ២៥សន្លឹក នៅពំនូកទី១ និងដាក់សន្លឹកឆ្នោតគ្មានបោះត្រាសម្ងាត់ជាផ្លូវការ ប្រសិនបើមាន នៅពំនូកទី២។
- បន្ទាប់ពីបញ្ចប់ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ត្រូវចាប់ផ្ដើមរាប់សន្លឹកឆ្នោត ដែលដំបូងត្រូវពិនិត្យ ផ្ទៀងផ្ទាត់សុពលភាពនៃសន្លឹកឆ្នោត រួចកំណត់ជាសន្លឹកឆ្នោតបានការ ឬមិនបានការ។
- ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ត្រូវប្រកាសឲ្យឮៗ នូវឈ្មោះគណបក្សនយោបាយ ដែលសន្លឹកឆ្នោតនោះ ត្រូវបានអ្នកបោះឆ្នោតគូសសញ្ញាគាំទ្រ ហើយដាក់នៅតាមពំនូកដោយឡែកសម្រាប់គណបក្សនយោបាយពាក់ព័ន្ធនីមួយៗ។
- ផ្អែកតាមការប្រកាសរបស់គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត អនុប្រធាន និងលេខាធិការត្រូវគូសពិន្ទុ១ សម្រាប់សន្លឹកឆ្នោត ១សន្លឹក ដែលគណបក្សនយោបាយណាមួយត្រូវបានទទួល នៅលើតារាងសំឡេងឆ្នោត។ ទន្ទឹមនឹងនេះ សមាជិកទី១ ត្រូវប្រើប៊ិចហ្វឺតគូសពិន្ទុ១ នៅលើផ្ទាំងក្រដាសធំ។
- នៅពេលសន្លឹកឆ្នោតទាំងអស់ ត្រូវបានរាប់រួចរាល់ហើយ ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ត្រូវចាត់អនុប្រធាន និងលេខាធិការ ឲ្យបូកសរុប និងកត់ត្រាចំនួនសន្លឹកឆ្នោតមិនបានការ ចំនួនគាំទ្រគណបក្សនីមួយៗ និងចំនួនសន្លឹកឆ្នោតបានការ ហើយប្រកាសជាចំហនូវលទ្ធផលនៃការបូកសរុប និងការរាប់សន្លឹកឆ្នោតនោះ។
- ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ អាចងថតយករូបភាពនៅការិយាល័យរាប់សន្លឹកឆ្នោតបាន។

ទី៣៖ ក្រមសីលធម៌ និងសិទ្ធិរបស់អ្នកសង្កេតការណ៍បោះឆ្នោត៖  

- អាចធ្វើដំណើរសង្កេតការណ៍ក្នុងវរង្វង់រាជធានី-ខេត្ត ដែលខ្លួនស្នើសុំប៉ុណ្ណោះ។
- អាចជូនដំណឹងទៅអ្នកពាក់ព័ន្ធក្នុងករណីជួបគ្រោះអាសន្ន ឬអសន្តិសុខអ្វីមួយ។
- អាចសង្កេតការណ៍នូវរាល់សកម្មភាពនានា ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។
- អាចចេញចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
- អាចជួប ឬនិយាយ ឬលើកសំណួរជាមួយបេក្ខជន ឬគណបក្សនយោបាយ និងមន្ត្រីបោះឆ្នោត។
- អាចថតរូប ថតវីដេអូនៅដំណាក់កាលពេលរាប់សន្លឹកឆ្នោត។

ទី៤៖ ភារកិច្ចរបស់អ្នកសង្កេតការណ៍បោះឆ្នោត៖

- ត្រូវតែយល់ដឹង និងប្រតិបត្តិគោលការណ៍ណែនាំពីច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីការបោះឆ្នោត។
- ត្រូវមានជំហរអព្យាក្រឹត និងមិនត្រូវប្រកាន់បក្សនយោបាយ។
- ត្រូវធ្វើរបាយការណ៍អំពីការរំលោភច្បាប់ ឬបទបញ្ជា និងនីតិវិធីដោយផ្អែកតាមការណែនាំជាកំណត់របស់អង្គការ។
- ត្រូវគោរពតាមការកំណត់របស់ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងករណីមានអ្នកសង្កេតការណ៍ច្រើនលើសពី ៤នាក់ សម្រាប់ការិយាល័យមួយ។

ទី៥៖ បម្រាមសម្រាប់អ្នកសង្កេតការណ៍៖

- ហាមជជែកពិភាក្សាទាក់ទងនឹងបញ្ហាគាំទ្រ ឬប្រឆាំងគណបក្សនយោបាយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោតណាមួយ។
- ហាមរំខាន ឬការជ្រៀតជ្រែក ឬស្ដីបន្ទោសក្នុងកិច្ចការផ្សេងៗរបស់គណៈកម្មការរៀបចំការបោះឆ្នោតនៅថ្នាក់ណាមួយ។
- ហាមយកតាមខ្លួននូវគ្រឿងអាវុធ ជាតិផ្ទុះ ឬវត្ថុដែកអាចបង្កឲ្យមានគ្រោះថ្នាក់។
- ហាមប៉ះពាល់ឯកសារ ឬសម្ភារ បរិក្ខាបោះឆ្នោត រួមទាំងសន្លឹកឆ្នោតផង។
- ហាមនៅក្បែរបន្ទប់សម្ងាត់សម្រាប់គូសសន្លឹកឆ្នោត ហើយមិនត្រូវថតរូប ថតវីដេអូអ្នកបោះឆ្នោតនៅក្នុងបន្ទប់ការិយាល័យបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានគណបក្សនយោបាយចំនួន ១២ បានដាក់បេក្ខជនរបស់ខ្លួនឲ្យឈរឈ្មោះនៅឃុំ-សង្កាត់ចំនួន ១,៦៤៦ឃុំ-សង្កាត់៕

ខាងក្រោមនេះ ជាវីដេអូចេញផ្សាយដោយខុមហ្វ្រែល៖

ស្វែងយល់ពីនីតិវិធីនៃការបិទការបោះឆ្នោត និងការបូកសរុបដំណើរការបោះឆ្នោត

ស្វែងយល់ពីនីតិវិធី នៃដំណើរការរាប់សន្លឹកឆ្នោត

 

ស្វែងយល់ពីក្រមសីលធម៌ និងសិទ្ធិរបស់អ្នកសង្កេតការណ៍បោះឆ្នោត, ភារកិច្ចរបស់អ្នកសង្កេតការណ៍បោះឆ្នោត និង បម្រាមសម្រាប់អ្នកសង្កេតការណ៍