(ភ្នំពេញ)៖ ជាមជ្ឈមណ្ឌលចែកចាយ ផលិតផលបែបបោះដុំ ក្នុងប្រព័ន្ធសមាជិក មកពីប្រទេសថៃ បានរៀបចំជាផ្លូវការនូវ ពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ ជាផ្លូវការផ្សារម៉ាក្រូ កម្ពុជា សាខាដំបូងរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ។ មជ្ឈមណ្ឌលនេះ នឹងផ្តល់ជូនផលិតផលច្រើនប្រភេទ និង ច្រើនជម្រើស ទៅដល់សមាជិកអាជីពរបស់ខ្លួន ព្រមទាំង ប្រតិបត្តិករអាជីវកម្មជាច្រើន រួមមាន ម្ចាស់ហាងលក់រាយ ហាងចែកចាយបន្ត សណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មម្ហូបអាហារ អាជីវកម្មផ្នែកសេវាកម្ម ទីភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នសិក្សា និង ប្រតិបត្តិករអាជីវកម្មជាច្រើនទៀត។
ពិធីនេះបានទទួលកិត្តិយសចូលរួម ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់ មហាជន, លោក ឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន L.Y.P Group Company Limited ជាដៃគូណាណិជ្ជកម្ម ព្រមទាំងសមាជិក និងដៃគូសហការពាណិជ្ជកម្ម ជាច្រើនទៀត។
លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន បានថ្លែងឲ្យដឹងថា «ព្រឹត្តិការណ៍នេះ គឺជាសេចក្តីសោមនស្ស និងកិត្តិយសរបស់យើងខ្ញុំ ដែលមានឱកាសបើកសាខាដំបូងរបស់ ម៉ាក្រូ នៅរាជធានីភ្នំពេញ។ ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ម៉ាក្រូ បាននិងកំពុងផ្តល់ ជូនអតិថិជនថៃជាច្រើន នូវផលិតផលច្រើនប្រភេទប្រកប ដោយគុណភាពខ្ពស់ហើយ ក៏ទទួលបានបទពិសោធន៍គ្រប់ជ្រុងជ្រោយ ក្នុងអាជីវកម្មបោះដុំរបស់យើងផងដែរ។ ការបើកសាខានៅភ្នំពេញ គឺជាការចាប់ផ្តើមដ៏សំខាន់នៅកម្ពុជា ហើយយើងជឿជាក់ថា ដោយសាររាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍឥតឈប់ឈរ រួមនិង ការជម្រុញដោយសហគមន៍សេដ្ឋកិច្ចអាស៊ាន ភ្នំពេញមានសក្តានុពលច្រើន នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ របស់កម្ពុជា គួបផ្សំនឹងកំណើនតម្រូវការ របស់អតិថិជនចំពោះគុណភាពផលិតផល មកពីគ្រប់ទិសទីក្នុងពិភពលោកផងនោះ យើងជឿជាក់ថា យើងអាចឆ្លើយតបបាន ទៅនឹងតម្រូវការទាំងនេះបាន!»។
លោកស្រី ស៊ុឆាដា បានបន្តទៀតថា «ជាងនេះទៅទៀត យើងក៏មានការតាំងចិត្តខ្ពស់ ក្នុងការធ្វើការសហការជាមួយអ្នកផ្គត់ផ្គង់ និងកសិករក្នុងស្រុកផងដែរ ដើម្បីអភិវឌ្ឍន៍ទាំងគុណភាពផលិតផល សុវត្ថិភាព និងអនាម័យ សម្រាប់អតិថិជនរបស់យើងគ្រប់គ្នា។ ទាំងអស់នេះ សុទ្ធសឹងជាផ្នែកនៃការប្តេជ្ញាចិត្តរបស់យើង ដើម្បីក្លាយជា ដៃគូអាជីវកម្មរបស់អ្នក!»។
សូមបញ្ជាក់ថា ផ្សារដំបូងរបស់ម៉ាក្រូនៅភ្នំពេញ នឹងបើកដំណើរការនៅខែធ្នូចុងឆ្នាំនេះ។ ក្នុងទំហំផ្ទៃដី៥ហិកតា មាន១ម៉ឺនម៉ែត្រការ៉េ គឺជាទីតាំងសំខាន់ សម្រាប់លក់ទំនិញបំពាក់ ដោយម៉ាស៊ីនត្រជាក់ និង សម្រាប់ចំណតយានយន្តជាង៥០០គ្រឿង។ គ្រប់ផលិតផលសុទ្ធសឹង តែមានគុណភាពខ្ពស់ និងមានការធានាសុវតិ្ថភាព ដោយប្រទេសថៃ និង ស្តង់ដារអន្តរជាតិ ហើយផលិតផលនីមួយៗ មានការរៀបចំដាក់តាំងទៅតាមប្រភេទ ដើម្បីងាយស្រួលក្នុងការស្វែងរក។ សំខាន់ជាងនេះទៀត ម៉ាក្រូផ្តល់ជូនក្នុងតំលៃបោះដុំ ដើម្បីឲ្យអតិថិជនចែកចាយ បន្តទទួលបានផលចំណេញ។
លោកស្រី ស៊ុឆាដា បានសង្កត់ធ្ងន់ទៀតថា «ម៉ាក្រូ (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនរួមទុនជាមួយ ម៉ាក្រូថៃ និង ដៃគូពាណិជ្ជករកម្ពុជាក្នុងស្រុក (L.Y.P Group Company Limited)។ ក្រុមហ៊ុននេះបានចុះបញ្ជី ដើម្បីចែកចាយផលិតផលបោះដុំ សម្រាប់អ្នកលក់រាយ និងអាជីវកម្មដែលទាក់ទង។ យើងជឿជាក់ថា ម៉ាក្រូនឹងទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅនិងមាន
ឱកាសក្លាយជាអ្នកផ្គត់ផ្គង់ ផលិតផលម្ហូមអាហាររបស់កម្ពុជា សម្រាប់អតិថិជនអាជីពកម្ពុជា ដូចដែលយើងបានសហការជាមួយ អតិថិជនថៃយើងខ្ញុំ ក្នុងរយៈពេលជាង២៧ឆ្នាំ មកនេះដែរ!»។
ម៉ាក្រូ ប្រកាន់ខ្ជាប់នូវកិច្ចការទំនួលខុសត្រូវសង្គម និង អភិបាលកិច្ចល្អ។ ទស្សនៈវិស័យរបស់ក្រុមហ៊ុន បានផ្តោតទៅលើសសរស្តម្ភ៣គឺ ដើម្បីចីរភាព ប្រទេស សហគមន៍ និងក្រុមហ៊ុន ដែលនឹងជួយដល់ផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន៕