(ភ្នំពេញ)៖ មន្ទីពេទ្យ «ជោរៃភ្នំពេញ» បានសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធីពិនិត្យ ព្យាបាល និងផ្ដល់ថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺ (ថ្មី) ជំងឺរលាកថ្លើមចំនួន៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយមានការពិនិត្យ និងព្យាបាលបានដោយផ្ទាល់ពីសំណាក់ លោកវេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងនោះផងដែរ លោកគ្រូពេទ្យបានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋពីវិធីបង្ការជំងឺថ្លើមជាដើម។
កម្មវិធីមនុស្សធម៌នេះ ធ្វើឡើងក្នុងការចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួល បានការថែទាំសុខភាព ប្រកបដោយគុណភាពពីសំណាក់លោកវេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីពេទ្យជោរៃក្នុងទីក្រុងភ្នំពេញ។ ជាងនេះទៅទៀត គឺបានជួយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ អំពីសារសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឲ្យបានសមស្របបំផុត។
លោកវេជ្ជបណ្ឌិត ង្វៀន ថាញ់ស៊ុន ឯកទេសជំងឺរលាកថ្លើម បានថ្លែងឲ្យដឹងថា ជំងឺរលាកថ្លើមគឺជាជំងឺសម្បូរបែបនៅលើពិភពលោក ហើយប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ានក៏កើតមានឡើងច្រើនដែរ។ ជំងឺនេះគឺជាជំងឺមួយដែលរង់របួសនៃកោសិកាថ្លើម ដែលបណ្ដាលឲ្យ អ្នកជំងឺមានស្ថានភាពចុះខ្សោយ ក្រិនថ្លើមហើយវិវត្តន៍ធ្ងន់ជាងគេគឺអាចបណ្ដាលឲ្យអ្នកជំងឺក្លាយខ្លួនទៅជាអ្នកកើតជំងឺមហារីក។
លោកវេជ្ជបណ្ឌិបានបន្ដទៀតថា «មូលហេតុដែលបណ្ដាឲ្យកើតជំងឺនេះ គឺបណ្ដាមកពីការពិសារគ្រឿងស្រវឹង ហើយជាបញ្ហា មួយដែលកំពុងរីកដុលដាលបំផុត ក្នុងតំបន់អាស៊ីជាពិសេស បុគ្គលដែលងាយនឹងកើតជំងឺនេះ គឺមានវ័យកណ្ដាលចន្លោះពីអាយុ២៥ ទៅ៣០ឆ្នាំ ដែលគាត់បន្ដញាំគ្រឿងស្រវឹងច្រើន ការញាំគ្រឿងស្រវឹងនេះគឺមានអត្រាមួយស្រប់គ្នា ញាំកាន់តែច្រើនអត្រានៃការលាកថ្លើម កាន់តែច្រើនដូចគ្នា អ្នកដែលញាំគ្រឿងស្រវឹងច្រើន គឺងាយនឹងកើតជំងឺរលាកថ្លើម»។
ជំងឺរលាកថ្លើមនេះ មានរោគសញ្ញាដូចជា អ្នកជំងឺមានអាការៈល្ហិតល្ហៃ, អស់កំលាំង, ឈឺសន្លាក់, ជាំកន្លួលនៅលើស្បែក ហើយនៅពេលដែលជំងឺនេះ វិវត្តន៍កាន់តែខ្លាំងអ្នកជំងឺនឹង លឿងស្បែក លឿងភ្នែក ហើមជើង ពោះទាចទឹកជាដើម។ សម្រាប់ការព្យាបាលវិញ បច្ចុប្បន្ននេះអត់មានអ្នកណាម្នាក់ ហ៊ានអះអាងនោះឡើយ តែអ្វីដែលអះអាងបានគឺការបញ្ឈប់នូវការប្រើប្រាស់គ្រឿងស្រវឹងតែម្ដង នេះបើតាមលោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែម។
ក្នុងនោះផងដែរលោក វេជ្ជបណ្ឌិតបានណែនាំពីវិធីសាស្រ្ដក្នុងការការពារជំងឺរលាកថ្លើម និងការកាត់បន្ថយនៃការរលាកថ្លើម គឺការកាត់បន្ថយការពិសារគ្រឿងស្រវឹង នេះជាវិធីមួយដែលបានការពារបានយ៉ាងល្អបំផុត។ លោកបានសង្កត់ធ្ងន់ថាសង្គមចេះតែវិវត្តន៍ ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច អាចធ្វើឲ្យមានសមាសភាពចម្លែកៗជាច្រើនក្នុងគ្រឿងស្រវឹង ដែលអ្នកជំងឺផឹកដល់កម្រិតបង្កើត ទៅជាជាតិពុលថ្លើមយ៉ាងស្រួចស្រាលបំផុត។
សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាលបាលជំងឺសប្បុរសធម៌ស្រដៀងនេះ នឹងមានការរៀបចំឡើងជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា ដើម្បីជួយដល់ ប្រជាពលរដ្ឋដែលមានជំងឺ ដោយការពិនិត្យ ព្យាបាល និងចែកថ្នាំដោយឥតគិតថ្លៃ៕