(ភ្នំពេញ)៖ អង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្រ្វែល បានកោតសរសើរ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ថា បានរៀបចំដំណើរការបោះឆ្នោត រួមនិងដំណើរការដទៃទៀតបានល្អប្រសើរជាងអាណត្តិកន្លងទៅ។

ការកោតសរសើររបស់ខុមហ្រ្វែល បានធ្វើឡើងក្នុងជំនួបរវាង លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជាមួយ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល នៅទីស្តីការ គ.ជ.ប នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្នុងជំនួបនោះអង្គការខុមហ្រ្វែល ដែលជាអង្គការធ្វើការងារទាក់ទងនឹង​ការបោះឆ្នោត​នៅកម្ពុជា បានកោតសរសើរ ដល់ គ.ជ.ប លើការងារមួយចំនួនដូចជា៖

១៖ ការបើកទូលាយដល់ភាគីពាក់ព័ន្ធបោះឆ្នោតទាំងអស់ ដែលបានបើកទូលាយ ហើយសង្គមស៊ីវិល មើលឃើញថា មានតម្លាភាពល្អប្រសើរ។

២៖ គុណភាពបញ្ជីបោះឆ្នោត ដែលរៀបចំឡើងដោយ គ.ជ.ប  មានលក្ខណៈល្អប្រសើរ

៣៖ ការចេញវិធានការ ៥ចំណុចទប់ស្កាត់ មិនឲ្យបោះឆ្នោតលើសពី១ដង ជាវិធានការល្អបំផុត

៤៖ ការសម្រេចឲ្យមានទម្រង់១១០២ និង១១០៥ ដាក់លើវេបសាយ ជាការបង្ហាញពីតម្លាភាព

៥៖ ការចេញសេចក្តីណែនាំទៅដល់អ្នកគ្រប់គ្រងផ្សារ ដែលអនុញ្ញាតឲ្យមានការចូលចែកប័ណ្ណនៅក្នុងផ្សារ ពេលឃោសនាបោះឆ្នោត ជាការប្រសើរដែលទប់ស្កាត់បញ្ហាទំនាស់បាន។

ក្នុងជំនួបដដែលនោះ អង្គការខុមហ្រ្វែល ក៏បានស្នើឲ្យ គ.ជ.ប ដាក់ចេញវិធានការមួយចំនួនផងដែរ។ ក្រោយការស្តាបពីការស្នើសុំរួច ប្រធាន គ.ជ.ប បានបញ្ជាក់ថា រាល់ការស្នើសុំរបស់អង្គការសង្គមស៊ីវិល ជាអនុសាសន៍ទាក់ទងច្បាប់បោះឆ្នោត និងបច្ចេកទេស ដូចនេះ គ.ជ.ប នឹងដាក់បញ្ចូលក្នុងរបៀបវារៈ ប្រជុំរបស់ គ.ជ.ប ដើម្បីពិនិត្យមើលថា តើត្រូវធ្វើបែបណា ហើយ គ.ជ.ប នឹងធ្វើការឆ្លើយតបវិញនៅពេលក្រោយ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖