(ភ្នំពេញ)៖ សាលាខណ្ឌឫស្សីកែវ និងក្រុមហ៊ុននានាចំនួន១៣ បានរៀបចំពិធីដាក់ឲ្យដេញថ្លៃមួយ ក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍ក្នុងមូលដ្ឋានសង្កាត់ទាំង៦ របស់ខ្លួន ក្នុងឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតក្នុងអាគារA សាលាខណ្ឌ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងរាជធានីភ្នំពេញ លោក ត្រាក់ ថៃសៀង លោក លន់ តោ អនុប្រធានមន្ទីរសេដ្ឋកិច្ច រាជធានីភ្នំពេញ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី ប្រធានក្រុមប្រឹក្សាខណ្ឌ លោក វ៉ាន់ សាលី នាយករងរដ្ឋបាលខណ្ឌ លោក អ្នក បូរ ចៅសង្កាត់ទាំង៦ ក្នុងខណ្ឌឫស្សីកែវ រួមជាមួយមន្ត្រីក្រោមឱវាទ និងតំណាងក្រុមហ៊ុនជាង៦០នាក់ផងដែរ។
ក្នុងគម្រោងដាក់ក្រុមហ៊ុនចំនួន១៣ ដើម្បីឲ្យដេញថ្លៃក្នុងការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ទាំង៦ របស់សាលាខណ្ឌឫស្សីកែវខាងលើនេះដែរ លោក ត្រាក់ ថៃសៀង បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងផ្ដាំផ្អើផងដែរពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងការជំរុញបន្ថែមចំពោះ ក្រុមហ៊ុន ទាំង១៣ ក្រោយបានដេញថ្លៃ ត្រូវធានាឲ្យបានពីសុវត្ថិភាព តម្លាភាព ពិសេសគុណភាព ជាលក្ខណៈស្តង់ដារតាមបច្ចេកទេស លើការស្ថាបនាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលអាចជឿជាក់បាន។
ជាមួយគ្នានោះ អភិបាលខណ្ឌឫស្សីកែវ ក៏បានថ្លែងផងដែរថា ស្របពេលដែលក្រុមប្រឹក្សា ឃុំ-សង្កាត់ កំពុងតែធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ដែលជិតឈានមកដល់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជំរុញការអភិវឌ្ឍន៍គ្រប់វិស័យ និងកែលម្អរសោភ័ណ្ឌភាពបរិស្ថាន រាជធានីយ៉ាងសស្រាក់សស្រាំ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍សហវត្សរ៏ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
ទន្ទឹមនិងនេះ ក្រុមប្រឹក្សាសង្កាត់ទាំង៦ ក្នុងខណ្ឌឫស្សីកែវ និងរដ្ឋបាលខណ្ឌ បានខិតខំកែលម្អសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការស្ថាបនាផ្លូវបេតុង ការជួសជុលផ្លូវ/លូ និងការដាក់ប្រព័ន្ធលូថ្មី ការស្ដារប្រឡាយដើម្បីបញ្ជៀសជំនន់ទឹកភ្លៀង លិចភូមិដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានច្រើនថែមទៀត ហើយសមិទ្ធផលទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងខណ្ឌមានការគាំទ្រ និងទទួលបាននូវភាពកកក្ដៅ លើការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការដឹកនាំដ៍ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោក ជា ពិសី បានថ្លែងទៀតថា សម្រាប់អាណត្តិរបស់ក្រុមប្រឹក្សាសង្កាត់ មានពីរអាណត្តិកន្លងផុតទៅ ដោយក្នុងឆ្នាំនេះជាឆ្នាំទី៤ នៃក្រុមប្រឹក្សាសង្កាត់អាណត្តិទី៣ បានកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំសង្កាត់របស់ខ្លួន តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ខណៈក្រុមប្រឹក្សាសង្កាត់និមួយៗ មានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងក្រុមប្រឹក្សាខណ្ឌ ក៏ដូចជា ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់រាជធានី មន្ទីរផែនការ ទីចាត់ការផែនការនិងវិនិយោគរាជធានីភ្នំពេញ រួមជាមួយអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
ជាងនេះទៅទៀត ក៏មានមន្ត្រីបច្ចេកទេសគាំទ្រសង្កាត់ ចុះគាំទ្រដល់មូលដ្ឋាន ហើយបានធ្វើឲ្យក្រុមប្រឹក្សាសង្កាត់ ពីរមួយឆ្នាំទៅមួយឆ្នាំមានការយល់ដឹង អំពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគសង្កាត់ និងការរៀបចំដាក់ឲ្យដេញថ្លៃគម្រោង ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានការចូលរួមសាទរពីប្រជាពលរដ្ឋផងដែរ៕