(ព្រះសីហនុ)​៖ នៅតែប៉ុន្មានថ្ងៃទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងមកដល់ពោលនៅថ្ងៃទីអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលទន្ទឹមគ្នានេះ កងកម្លាំងប្រដាប់អាវុធហត្ថទូទាំងប្រទេស បានត្រៀមរួចរាល់ និងកំពុងការពារយ៉ាងប្រុងប្រយ័ត្ន លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នា​ប់ ទាំងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត។

ដោយឡែក សម្រាប់កងកម្លាំងនគរបាលខេត្តព្រះសីហនុវិញ នៅ​ព្រឹកថ្ងៃទី៣​០ ខែឧសភា ឆ្នាំ២០១៧​នេះ ឧត្តម​សេនីយ៍ទោ ​ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្ត បានបើក​កិច្ចប្រជុំពង្រឹង​ការងារការពារ​ សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈជូន​ប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និង ការពារក្នុងយុទ្ធនាការ​ឃោសនា បោះឆ្នោត ព្រមទាំងបំពាក់ជូនសម្ភារអន្តរាគមន៍បន្ថែម ជូន​កងកម្លាំង។

លោកស្នងការបានឲ្យដឹងថា អំណោយទាំងនេះបានមកពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង មួយចំនួនទៀតរបស់លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែងផងដែរ។

នៅចំពោះនគរបាលទាំងអស់ លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់ទៅកងកម្លាំង ដែលមានភារកិច្ច ការពារគ្រប់គោលដៅ ត្រូវបង្កើនការប្រុង​ប្រយ័ត្ន ការពារ​សន្តិសុខសណ្តាប់​ធ្នាប់ ក្នុងដំណើរការ ឃោសនា, បោះឆ្នោត, និងរាប់សន្លឹកឆ្នោតឲ្យប្រព្រឹត្តទៅ ប្រកបដោយសុខសន្តិភាព ​គ្មានការ​គំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សាណាមួយកើតឡើងជាដាច់ខាត។

លោកស្នងការ បាន​បញ្ជាក់​ថា «កងកម្លាំងទាំងអស់ ត្រូវ​គោរពវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិ មិនត្រូវប្រើប្រាស់​ឯកសណ្ឋានធ្វើឲ្យ​ប៉ះពាល់ដល់​ប្រជាពលរដ្ឋ នាំ​ឲ្យពួក​គាត់មាន​ការថ្នាំង​ថ្នាក់ឡើយ។ ត្រូវ​ប្រកាន់ជំហរអព្យាក្រឹត្យគោរពច្បាប់ជា​គោល។ ប្តេជ្ញា​ការពារច្បាប់ រដ្ឋធម្មនុញ្ញ ការពាររាជ​រដ្ឋាភិបាលស្របច្បាប់​ ដែលកើតឡើង​ដោយការ​បោះឆ្នោត តាមលទ្ធិ​ប្រជាធិប​តេយ្យ។ ជនណា ឬក្រុមណាមានចេតនាបង្កអសន្តិសុខសង្គម រារាំង ដល់ការបោះ​ឆ្នោត តាមរយៈការញុះញង់ ធ្វើបដិវត្តន៍ព៌ណ បំផ្លាញលទ្ធិប្រជាធិប​តេយ្យ និងបំផ្លាញការបោះឆ្នោត​ យើងជាកងកម្លាំងនគរបាលជាតិ ត្រូវតែទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល»

ជាមួយគ្នានេះ លោក​ឧត្តម​សេនីយ៍ទោ ជួន ណា​រិន្ទ បានប្រគល់ជូនសម្ភារប្រើប្រាស់ជាច្រើនមុខ ជូនកងកម្លាំងរៀបរយ​អន្តរាគមន៍ ក្នុងនោះមាន៖
 ទី១-ខោអាវបេសកកម្ម ចំនួន១៤៨កំផ្លេ
ទី២-ស្បែកជើងកែង ចំនួន១៤៨
ទី៣-មួក​ប៉ារ៉ាស៊ីត ចំនួន១៤៧
ទី៤-មីចំនួន១៦កេស
ទី៥-ត្រីខេ២កេស
ទី៦-ទឹកសុទ្ធចំនួន៤៦០យួរ អធិការដ្ឋាន ស្រុកព្រៃនប់១៦០យូរ កំពង់សិលា១០០យួរ ក្រុងព្រះសីហនុ១០០យួរ និងស្ទឹងហាវ១០០យួរ និងទី៧- ខ្សែក្រវាត់សាន់ទារ៉ុង កាបូបស្ពាយ និងស្រោមកាំភ្លើងមួយចំនួនទៀត៕