(ភ្នំពេញ)៖ ក្រោយពីទទួលបានជោគជ័យ ក្នុងការបញ្ចាំងភាពយន្តខ្នាតធំ ក៏ដូចជាភាពយន្តភាគជាបន្តបន្ទាប់រួចមក ផលិតកម្ម LD Picture នាយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកសម្ពោធស្នាដៃថ្មីរបស់ខ្លួន មួយទៀតហើយ គឺរឿងភាគមានចំណងជើងថា «អាពាហ៍ពិពាហ៍ចម្លែក» ដោយមានការចូលរួមសម្ដែង ពីសំណាក់តារាល្បីៗ ហើយត្រូវបានដាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ CTN ។
ក្នុងពិធីបើកសម្ពោធនេះ ត្រូវបានផលិតកម្ម LD Picture រៀបចំឡើងតាមបែបសាមញ្ញៗ នៅឯភូមិគ្រឹះរបស់លោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងរបស់ផលិតកម្ម LD ផ្ទាល់ ស្ថិតនៅក្នុងបុរី លឹម ឈាងហាក់ ភូមិម័ល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយមានការចូលរួម ញ៉ាំអាហារសាមគ្គី លក្ខណៈគ្រួសារ ពីសំណាក់តារាសម្ដែងក្នុងរឿង និងក្រុមការងារច្រើននាក់។
លោក លៀក លីដា ជាផលិតករ និងចាងហ្វាងផលិតកម្ម LD Picture បានប្រាប់ឲ្យដឹងថា រឿង «អាពាហ៍ពិពាហ៍ចម្លែក» ជាខ្សែភាពយន្តភាគទី៤ របស់ផលិតកម្ម LD បន្ទាប់ពីរឿង «ម្ទេសហឹរប៉ះអំបិលប្រៃ, មន្តស្នេហ៍ក្រមុំបាយឆា» និង រឿង «ទីបញ្ចប់នៃស្នេហ៍» ដែលបានបញ្ចប់ការចាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយរឿងភាគទាំងអស់នោះ ទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន។ ដូចនេះទើបផលិតកម្ម បានបង្ហាញស្នាដៃថ្មីមួយទៀត នៅក្នុងថ្ងៃនេះ។
ចាងហ្វាងផលិតកម្មរូបនេះ បន្តទៀតថា ជាការពិត រឿង «អាពាហ៍ពិពាហ៍ចម្លែក» គឺមានគ្រប់រសជាតិទាំងអស់ ពោលមានឈុតឆាកស្នេហា កំប្លុកកំប្លែង កម្សត់ និងមនោសញ្ចេតនាជ្រាលជ្រៅ លាយឡំគ្នា ខុសពីរឿងមុនៗ ព្រោះរឿងនេះយើងបានសម្រិតសម្រាំង យកតួល្បីៗជាច្រើនរូប មកសម្ដែងជាមួយគ្នា។ ដោយសារផ្ទៃរឿងទាំងមូល មានភាពទាក់ទាញ និងមានការបង្ហាញវត្តមានសម្ដែង ដោយតារាល្បីៗជាច្រើនដួង ទើបលោករំពឹងថា នឹងមានការគាំទ្រខ្លាំងជាងរឿងភាគមុនៗ។
សូមបញ្ជាក់ថា ខ្សែភាពយន្តភាគរឿង «អាពាហ៍ពិពាហ៍ចម្លែក» មាន៥៤ ភាគ ផ្សាយជូនទស្សនានៅទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ច័ន្ទដល់សុក្រ វេលាម៉ោង៧យប់។ ក្នុងនោះមានការចូលរួមសម្ដែងដោយ លោក លឹម ជាឡាយ, លោក សៅ ឧត្តម, កញ្ញា គៀត សុវណ្ណឡាង, កញ្ញា សាឡាត់ ស្រីឡាង, នាយ ពែកមី, នាង ខ្ញុង ,នាយ ក្រូច រួមទាំងតារាសម្ដែងប្រុសស្រី ជាច្រើនរូបទៀត៕