(កំពង់ធំ)៖ ព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក អ៊ិត សុធា បានបញ្ជាឲ្យកម្លាំងកម្លាំងអាវុធហត្ថ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះទៅស្ទាក់ចាប់ រថយន្ដឡង់គ្រឺស័រមួយគ្រឿង ខណៈកំពុងដឹកឈើប្រណិតលោតឆ័ត្រ ឆ្លងកាត់ខេត្តកំពង់ធំ អាចនាំទៅវៀតណាម ឬភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់់ផងដែរ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើង នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានប្រាប់អង្គភាព Fresh News ថា កម្លាំងសមត្ថកិច្ចចំរុះ សហការគ្នាស្ទាក់ចាប់រថយន្ដដឹកឈើធ្នង់ ម៉ាកឡង់គ្រឺស័រ មួយគ្រឿងពណស្ករ ពាក់ស្លាកលេខភ្នំពេញ 2F-2724។ អ្នកបើកបរដោយឈ្មោះ គ្រី គឹម សុង អាយុ៤៣ឆ្នាំ រស់នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាមួយអ្នករួមដំណើរឈ្មោះ ពៅ លីហ័រ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់-ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សម្រាប់បទល្មើសដឹកជញ្ជូនឈើខាងលើនេះ ប្រភពព័ត៌មានមួយចំនួនបានលួចបង្ហើបថា មន្រ្តីនគរបាលខ្លះនៅក្នុងខេត្តកំពង់ធំ សង្ស័យមានការជាប់ពាក់ព័ន្ធផងដែរ ដោយបណ្តែតបណ្តោយ ឲ្យរថយន្តដឹកឈើអាចចរាចរបាន ដោយឆ្លងកាត់ច្រើន គោលដៅ ដូច្នេះស្នងការខេត្តទើបឡើងថ្មីជួយពិនិត្យមើលផង កុំឲ្យដើរជាន់ដានស្នងការមុនៗ។
មន្រ្តីរដ្ឋបាលព្រៃឈើកំពង់ថ្មបានឲ្យដឹង ក្រោយវាស់វែង ឃើញថាមានចំនួនឈើចំនួន៣១ដុំ ហើយបច្ចុប្បន្នផ្នែករដ្ឋបាលព្រៃកំពង់ថ្ម កំពុងកសាងសុំរឿងបញ្ជូនសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការទៅតាមច្បាប់៕