(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងលោកស្រី នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាមហារគ្រួសារ គណបក្សប្រជាជនកម្ពុជា ចំនួន៣០០០នាក់ ជាប្រជាពលរដ្ឋមកពីឃុំម៉ាឡៃ ឃុំបឹងបេង ឃុំទួលពង្រ ឃុំអូរស្រឡៅ ឃុំអូរសំព័រ នៅភូមិកោះស្នួលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា គ្មានគណបក្សនយោបាយណា ដែលមានគោលនយោបាយបង្រួបបង្រួមជាតិ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ដូចគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាពិសេសក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន សង្គ្រាមផ្ទៃក្នុងដែលអូសបន្លាយជាយូរលង់ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានកាប់សំលាប់ បែកបាក់ក្រុមគ្រួសារ ប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី គ្មានសល់រុញប្រទេសធ្លាក់ក្នុងភាពខ្មៅងងឹតគ្មានពន្លឺរយៈ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ ត្រូវបានបញ្ចប់ ហើយគណបក្សប្រជាជន បានរួមគ្នាជាមួយ ប្រជាជនកសាងប្រទេសឡើងវិញ ហើយបាននាំយកមកវិញនូវសុខសន្តិភាព សណ្តាប់ធ្នាប់ សាធារណ: សមិទ្ធិនានាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមជំនឿសាសនា បានស្តារឡើងមកវិញរីកលូតលាស់គ្រប់វិស័យ ប្រែក្លាយតំបន់ដែលធ្លាប់តែច្បាំងវាយប្រយុទ្ធគ្នា ទៅជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលយើងបានឃើញទាំងអស់គ្នា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានគូសបញ្ជាក់ទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានស្នាដៃ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ លោកក៏បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ទំនុកចិត្តបោះឆ្នោតជូនគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជាតិ។
ជាទីបញ្ចប់ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃ ឱ្យបានល្អដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពីសំណាកជនអគតិមួយ ចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ។
ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារ បំរើឱ្យការបោះឆ្នោតដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមលេខរៀងដែលបានកំណត់សម្រាប់ឃុំ សង្កាត់នីមួយៗ ឱ្យបានគ្រប់គ្នានៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដើម្បីបន្តដំណើរកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើនឡើងថែមទៀត៕