សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៩នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ
30-05-2017 07:21
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសធ្ងន់ស្រាល១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៧គ្រឿង, រថយន្ដតូច៤គ្រឿង, រថយន្ដធុនធំ៤គ្រឿង, និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ ស្រវឹង និងប្រជែងជាដើម។
សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៥២លើក បណ្ដាលឲ្យស្លាប់១១៦នាក់ របួសធ្ងន់២៦២នាក់ និងរងរបួសស្រាល១៥០នាក់៕