(ភ្នំពេញ)៖ ចាស់ៗអាយុ៦៥ឆ្នាំឡើងទៅ ខំតែអរថា នឹងទទួលបានថវិកា ៤០០០០រៀល គ្រាន់នឹងទិញម្លូស្លា ឬធ្វើបុណ្យនៅវត្តដូចអ្វី ដែលបក្សប្រឆាំងបានសន្យា ក្នុងការឃោសនាបោះឆ្នោតរបស់ខ្លួនហើយ តែមានឯណាក្តីរំពឹងបានត្រឹមតែខកចិត្ត។ ខកចិត្តព្រោះខ្លួនបានដាក់ទំនុកចិត្តខ្លាំងពេក និងជឿងប់ងុលទៅលើ ការឃោសនា សន្យាបោកប្រាស់របស់គណបក្សប្រឆាំង។ មិនត្រឹមចាញ់បោកតែខ្លួនឯងទេ ទាញកូនចៅផ្សេងទៀតឱ្យចូលរួមចាញ់បោកដែរ ព្រោះបក្សប្រឆាំង សន្យាយកលុយទៅចែកស្រួលៗ នរណាមិនចង់បាននោះ។
ពេលកូនចៅកម្មករមកដល់ផ្ទះ នាំគ្នារាប់ដៃរាប់ជើង បូកទៅប្រាក់រាប់លានចូលក្នុងមួយខែៗ ក៏បានប្រថុយបោះឆ្នោតឱ្យបក្សប្រឆាំង តែតាមពិតរហូតមកទល់ ពេលនេះ សូម្បីប្រាក់មួយរៀលក៏មិនទទួលបានផង អង្គុយរង់ចាំស្ងួត ជើងធ្មេញ។ ចំណែកបងប្អូនកម្មករកម្មការិនីវិញ បោះឆ្នោតឱ្យបក្សប្រឆាំងហើយថា បានឡើងប្រាក់ខែ មានឯណាបក្សប្រឆាំងបានខ្ចីដៃបងប្អូនកម្មករមកប្រើប្រាស់ជាឈ្នាន់នយោបាយរបស់ខ្លួន ធ្វើបាតុកម្មដើរស្រែកឡូឡាឡាំប៉ាតាមផ្លូវដើម្បី ចរចាស្វែងរកអំណាច និងតំណែងនៅរដ្ឋសភា។
ការជួយបង្កើនជីវភាពប្រជាជនខ្មែរការរកការងារឱ្យប្រជាជនធ្វើ ការបញ្ចុះបញ្ចូលវិនិយោគិនចូលមកវិនិយោគនៅកម្ពុជា បង្កើតការងាររាប់សែន និងជួយគាំទ្រ ជីវភាពមនុស្សជាច្រើនលាននាក់ ដោយសារតែការបង្កើតរោងចក្រជាច្រើនរយនេះ គ្មានការចូលរួមរបស់បក្សប្រឆាំងឡើយ ប៉ុន្តែជាស្នាដៃ និងសមិទ្ធផលកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ គណបក្សនេះមានភាពចាស់ទុំក្នុងការដឹកនាំប្រទេសមានគោលនយោបាយពិត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើនជីវភាពគ្រួសារបងប្អូនប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។ បក្សប្រឆាំងមិនបានជួយអ្វីឡើយ បានត្រឹមតែដើរបង្កចលាចល ញុះញង់ឱ្យកម្មករធ្វើបាតុកម្ម កុបកម្ម និងបង្កជម្លោះជាមួយថៅកែរោងចក្រ ខាតបង់ពេលវេលាសម្រាប់ធ្វើការងារយកប្រាក់កម្រៃបន្ថែមពីលើ ប្រាក់ខែគោលរបស់ខ្លួន។ អ្នកដែលជួយជីវភាព និងដំឡើងប្រាក់ខែរបស់បងប្អូនកម្មករកម្មការិនី គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន មិនមែនបក្សប្រឆាំងដែលដើរសន្យាខ្យល់នោះឡើយ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំការផ្តល់ប្រាក់សោធននិវត្តន៍សម្រាប់កម្មករកមកមការិនីដែលចូលនិវត្តន៍ដែរ ហើយនៅចុងឆ្នាំនេះនឹង ចាប់ផ្តើមអនុវត្ត។ នេះបានហៅថាជាការធ្វើពិត ប៉ុន្តែមិនមែនជាការសន្យាខ្យល់។ កុំកាប់បំពង់រង់ចាំទឹកភ្លៀង! សូមថែរក្សាអ្វីដែលយើងកំពុងមាន និងទាញយកផល ពីសុខសន្តិភាព និងការអភិវឌ្ឍដែលយើងមាន និងបង្កើនជីវភាពយើងជាមួយបក្សដែលធ្លាប់បានសង្គ្រោះជាតិ និងសង្គ្រោះយើងពិតតាំងពីឆ្នាំ ១៩៧៩ មក!
ដោយ៖ ចៅចាក់ស្មុក