(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បង្ក្រាបបទល្មើសជាក់ស្ដែង នាំចូលរក្សាទុក និងចែកចាយគ្រឿងសម្អាង និងថ្នាំខាត់ស្បែកឲ្យសរយៈពេលខ្លឺ គ្មានច្បាប់អនុញាតិ បានជាង៣០តោន នៅ២ទីតាំងផ្សេងគ្នា ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

សេចក្ដីប្រកាសព័ត៌មាន​របស់ គ.ប.ផ.ក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៧ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ក្រោយធ្វើការត្រួតពិនិត្យជំនាញបានរកឃើញ ផលិតផលខុសច្បាប់ដែលត្រូវឃាត់ទុកទាំង២ទីតាំងនេះ មានចំនួនសរុបប្រមាណជាំង៣០តោន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ជាមួយគ្នានេះ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្ដល់ព័ត៌មាន អំពីទីតាំង ឬជនដែលផលិត ចែកចាយផលិតផលក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដោយទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨ ហើយរាល់ព័ត៌មានដែលបានផ្ដល់ ត្រូវបានរក្សាការសម្ងាត់៕