(ភ្នំពេញ)៖ សេដ្ឋវិទូ និងអ្នកស្រាវជ្រាវបញ្ហាសង្គមកម្ពុជា បានមើលឃើញដូចគ្នាថា នយោបាយផ្តល់ថវិកា៥០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍ឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ ជានយោបាយខុសឆ្គងធ្ងន់ធ្ងរមួយសម្រាប់ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយមិនអាចអនុវត្តន៍ទៅរួចនោះឡើយ។ បើតាមអ្នកសេដ្ឋកិច្ច និងអ្នកស្រាវជ្រាវបញ្ហាសង្គម បានលើកឡើងថា ការដែលមិនអាចទម្លាក់ថវិកាដ៏ច្រើនសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់នាពេលនេះ ក៏ព្រោះតែចំណូលថវិកាជាតិមានកម្រិតទាបនៅឡើយ។
គណបក្សសង្រ្គោះជាតិ ដើម្បីទាក់ទាញសំឡេងឆ្នោតពីប្រជាពលរដ្ឋ បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន៥ចំណុច ផ្តោតសំខាន់លើការផ្តល់ សិទ្ធិអំណាចក្នុងការសម្រេចទៅដល់មេឃុំ ឬចៅសង្កាត់។ ក្រៅពីគោលនយោបាយអាទិភាពទាំង៥ចំណុចទៅ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជាមួយនេះ ក៏បានប្រកាសផ្តល់ថវិកា ៥០ម៉ឺនដុល្លារសម្រាប់មួយឃុំ/សង្កាត់ ដើម្បីអភិវឌ្ឍន៍ឃុំ/សង្កាត់ ឲ្យបានកាន់តែល្អប្រសើរ នៅពេលបក្សនេះឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។
ក្នុងវេទិកាតុមូលជជែកពីគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់របស់គណបក្សនយោបាយនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា តាមគោលនយោបាយនេះ រាជរដ្ឋាភិបាលនឹងត្រូវចំណាយថវិកាជាតិរហូតដល់ទៅ ៨២៣លានដុល្លារអាមេរិកសម្រាប់ឃុំ-សង្កាត់ ១,៦៤៦ឃុំ-សង្កាត់ ស្មើនិង ២១ភាគរយ នៃចំណូលថវិកាជាតិ។ លោក គី សេរីវឌ្ឍន៍ បានចាត់ទុកការចំណាយថវិកា ២១ភាគរយនៃចំណូលថវិកាជាតិ ទៅលើការអភិវឌ្ឍឃុំ-សង្កាត់នេះ គឺជាទំហំទឹកប្រាក់មួយដ៏ច្រើនសន្ធឹកសន្ធាប់។
លោក គី សេរីវឌ្ឍន៍ បន្តបញ្ជាក់ថា ប្រសិនបើយកថវិកាជាតិទៅចំណាយច្រើនលើការអភិវឌ្ឍឃុំ-សង្កាត់ វានឹងទាមទារឲ្យមានការកាត់បន្ថយមន្រ្តីរាជការតាមក្រសួង ឬ អាចកាត់បន្ថយប្រាក់បៀវត្សរ៍របស់ពួកគេតែម្តង។
«តាមខ្ញុំមើលច្បាប់ថវិកាជាតិ ខ្ញុំគិតថា ការលើកឡើង ៥០ម៉ឺនដុល្លារនេះ ឥឡូវនេះមិនទាន់ទៅរួចទេ។ នេះជាការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថា ទៅពេលខាងមុខទៀត ទើបអាចទៅបាន តែបើក្នុងរយៈពេល ៤ ទៅ១០ទៀតនេះ គឺមិនអាចទៅរួចទេ ព្រោះទំហំថវិកានេះវាធំពេក»។ លោក គី សេរីវឌ្ឍន៍ បញ្ជាក់។
ដោយឡែកប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល បានលើកឡើងថា ការនិយាយថា នឹងបានថវិកាឃុំសង្កាត់ច្រើនសន្ធឹកសន្ធាប់សម្រាប់ឆ្នាំ២០១៧ ក្រោយការបោះឆ្នោត គឺជាការនិយាយមិនពិតទេ ហើយសូម្បីតែសម្រាប់ឆ្នាំ២០១៨ ក៏ទៅមិនរួចដែរ។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បន្តថា ការអភិវឌ្ឍជនបទ តាមរយៈការបង្កើតប្រព័ន្ធផ្លូវ ធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ ទីផ្សារ ប្រព័ន្ធអគ្គិសនី រោងចក្រ សហគ្រាស។ល។ មិនមែនសុទ្ធតែតម្រូវឲ្យថ្នាក់ឃុំជាអ្នកធ្វើនោះទេ ហើយបើធ្វើតែប្រឡាយតូចតាច គ្មានប្រឡាយធំៗឆ្លងស្រុក ឬឃុំ អាចគ្មានទឹកប្រើប្រាស់ថែមទៀតផង។
លោក ចាន់ សុផល បានលើកឡើងថា «គួរមានការពិភាក្សាដេញដោលលំអិតអំពីកម្រិតចំណាយនៅថ្នាក់ឃុំសង្កាត់។ ខ្ញុំយល់ឃើញថា ថវិកាឃុំ-សង្កាត់កន្លងមកនៅមានកម្រិតទាប ប៉ុន្តែការដំឡើងថវិកា ១០ដងភ្លាមៗ មិនគួរធ្វើទេ»។
លោកបន្ថែមថា «ចំពោះការដំឡើងថវិកាឃុំ-សង្កាត់ ១០ដងភ្លាមៗ ខ្ញុំយល់ថាខុស ហើយទៅមិនរួចទៀតផង សម្រាប់ឆ្នាំ២០១៧ និង២០១៨។ ចំណូលថវិកាបានឡើងដល់១៨ភាគរយ នៃផលិតផលសរុបក្នុងស្រុកទៅហើយ។ បើយកពន្ធកាន់តែច្រើនថែមទៀត អាចបន្ថយកំណើនអាជីវកម្ម និងសេដ្ឋកិច្ច។ ការបង្កើនចំណាយ ១០ដង លើថវិកាឃុំ-សង្កាត់ ត្រូវដកចេញពីខ្ទង់ផ្សេងៗ»។
សម្រាប់លោក សុខ ទូច អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវបញ្ហាសង្គមនៅកម្ពុជា ក៏បានមើលឃើញផងដែរថា ការអភិវឌ្ឍឃុំ សង្កាត់ មិនអាចពឹងផ្អែកតែលើថវិកាមួយមុខនោះទេ។ លោក សុខ ទូច ថា គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ តាមរយៈទម្លាក់ថវិកា ៥០ម៉ឺនដុល្លាររបស់គណបក្សសង្រ្គោះជាតិ មិនអាចធ្វើឲ្យឃុំ សង្កាត់ល្អប្រសើរឡើយ ប្រសិនបើមេឃុំ ឬ ចៅសង្កាត់មិនចេះចាយវាយ ឬ ប្រើប្រាស់ថវិកាឲ្យចំគោលដៅទេនោះ។
បើតាមលោក សុខ ទូច កត្តាសំខាន់ដែលជួយធ្វើឲ្យការអភិវឌ្ឍឃុំ សង្កាត់ មានប្រសិទ្ធភាពខ្ពស់ គឺត្រូវតែដាក់មេឃុំ ឬ ចៅសង្កាត់មានចំណេះដឹងខ្ពស់ ដើម្បីមានចក្ខុវិស័យខ្ពស់ក្នុងការអភិវឌ្ឍនៅក្នុងឃុំ សង្កាត់។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ការអភិវឌ្ឍឃុំ សង្កាត់ នាពេលបច្ចុប្បន្នមានទំហំទឹកប្រាក់លើស ពី ៥០ម៉ឺនដុល្លារទៅទៀត។ ជាក់ស្តែងនៅឆ្នាំ២០១៧នេះ ថ្នាក់ជាតិ បានធ្វើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ឃុំ សង្កាត់ នៅទូទាំងប្រទេសអស់ទឹកប្រាក់ ១,៨១៦លានដុល្លារ ហើយក្រសួង មន្ទីរ ដែលចុះទៅអភិវឌ្ឍន៍នៅជុំវិញខេត្តចំណាយ ១៧៦លានដុល្លារ ខណៈថវិកាតាមរាជធានី ខេត្តអស់ ១៥០លានដុល្លារ។
បើតាមលោក សុខ ឥសាន្ត ថវិកា ដែលឃុំ-សង្កាត់យកទៅប្រើប្រាស់នាពេលបច្ចុប្បន្នមានប្រមាណ ១៥ភាគរយ នៃចំណូលថវិកាជាតិ ប្រចាំឆ្នាំ ហើយក្នុងមួយឆ្នាំរាជរដ្ឋាភិបាល មានគោលនយោបាយដំឡើងថវិកាចំណាយទៅតាមឃុំ សង្កាត់ ២,៨ភាគរយ នៃចំណូលថវិកា ជាតិថែមទៀតផង។ ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល បានគាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដំឡើងថវិកាចំណាយទៅតាមឃុំ សង្កាត់ ក្នុងអត្រា ២,៨ភាគរយក្នុងមួយឆ្នាំ៕