(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានលើកឡើងថា រដ្ឋបាលខេត្តមានគម្រោងស្ថាបនា អតីតក្បាលហុងទឹក ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ នៅចំកណ្តាលក្រុងពោធិ៍សាត់ សម្រាប់ឱ្យបងប្អូនមកលេងកម្សាន្ត ទប់ទឹកសម្រាប់ប្រើប្រាស់ ក្នុងវិស័យកសិកម្ម និងពង្រីកការផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងរៀបចំសួនច្បារបន្ថែមទៀត ដើម្បីធ្វើការប្រឡងប្រណាំងទីក្រុងស្អាត ដែលកន្លងមកនេះ ខេត្តពោធិ៍សាត់មាន​ការកោតសរសើរពីអាស៊ាន ទទួលបានផ្ការំដួល និងពានរង្វាន់ទឹកស្អាតអាស៊ានផងដែរ។

ការលើកឡើងរបស់លោក ម៉ៅ ធនិន ធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ សេនជូរី ពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល​ជាមួយបងប្អូនគ្រីស្ទបរិស័ទ ក្នុងក្រុងពោធិ៍សាត់ជាលើកទី២ ប្រមាណ២០០នាក់ ដោយបានការចូលរួមពីលោកស្រី ជុក សុផានី អភិបាលរងខេត្ត លោកឧកញ៉ា សៀរ សុភក្ត្រ ប្រធានសមាគមព្រះគុណអស្ចារ្យ ថ្នាក់ដឹកនាំមន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ​ទាំង៣ គ្រូគង្វាល និងគ្រីស្ទបរិស័ទយ៉ាងច្រើនកុះករ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពរស់នៅ និងសកម្មភាពវិស័យ​សាសនាទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

លោក ឡេង សានូ ប្រធានសម្ព័ន្ធភាពគ្រីស្ទបរិស័ទត្រូតេស្តង់ខេត្ត និងលោកឧកញ៉ា សៀ សុភ័ក្រ ប្រធានសមាគមព្រះគុណ​អស្ចារ្យ មានថ្លែងថា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យសង្គមជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាពបរិបូណ៌ ទើបធ្វើឱ្យយើងមានឱកាស និងសិទ្ធិសេរីភាពពេញលេញ ក្នុងការរស់នៅ និងសិទ្ធិជឿលើសាសនា​ដែលខ្លួនពេញចិត្ត បើប្រទេសមានវិបត្តិសង្គ្រាមវិញនោះ គ្រប់មនុស្សជាតិ និងសាសនាទាំងអស់ ពុំមានដូចសព្វថ្ងៃ​នោះឡើយ។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ មានព្រះវិហារ និងស្នាក់ការថ្វាយបង្គំព្រះយេស៊ូគ្រីស្ទ ទាំង៥ស្រុក និងក្រុង១ មាន៦៦កន្លែង និងមានគ្រីស្ទបរិស័ទ ១៧៥៦០នាក់។ ក្រៅពីនោះគ្រីស្ទបរិស័ទ បានចូលរួមជួយដល់កូនចៅប្រជាពលរដ្ឋ ទៅលើមុខជំនាញភាសាអង់គ្លេស កុំព្យូទ័រ ចម្លាក់ អេឡិចត្រូនិច ការងារសុខភាព វប្បធម៌ សាសនា និងផ្នែកជំនួញ បង្កើតមុខរបរជាច្រើនដល់អ្នកដែលគ្មានការងារធ្វើ ជួយកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន បានថ្លែងថា ផ្តើមចេញពីយុទ្ធសាស្ត្ររាជរដ្ឋភិបាលកម្ពុជា និងគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំ​ដ៏ត្រឹមត្រូវ និងយកចិត្តទុកដាក់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ធ្វើឱ្យសង្គមជាតិយើងទាំងមូលមានសុខសន្តិភាព ស្ថេរភាព ក្នុងនោះវិស័យសាសនា បាននឹង​កំពុងមានការ អភិវឌ្ឍន៍គ្រប់​ទីកន្លែង រួមទាំងខេត្តពោធិ៍សាត់យើងផងដែរ។ លោកបានបញ្ជាក់ថា គ្រប់សាសនាទាំងអស់ គឺស្ថិតនៅក្រោម​ដំបូល រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាតែមួយ តែទោះជាយ៉ាងនេះក៏ដោយ គ្រប់សាសនាទាំងអស់​មិនថា សាសនាព្រះពុទ្ធ សាសនាឥស្លាម ត្រូវចេះលើក និងឱ្យតម្លៃគ្នា ជួយគ្នាក្នុងគោលបំណងល្អទៅវិញទៅមក ទើបធ្វើឱ្យសង្គមជាតិយើងមាន​ការរីកចម្រើន។ លោកបានថ្លែងទៀតថា ការមានជំនឿទៅលើសាសនាណាមួយនោះ គឺជាសិទ្ធិសេរីភាពរបស់បងប្អូន កត្តាដែលសំខាន់នោះសូមឱ្យថ្នាក់ដឹកនាំគ្រប់សាសនានីមួយៗ ត្រូវតែគោរពទៅតាមគោលការច្បាប់ប្រទេសនោះ ទើបធ្វើឱ្យសាសនារបស់ខ្លួន ត្រូវបានគេគោរព និងប្រណិបត្តិ។

លោក ម៉ៅ ធនិន ក្នុងនាមរដ្ឋបាលខេត្ត បានជម្រាបជូនសមាជិកសមាជិកា សមាគមគ្រីស្ទបរិស័ទ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ របស់ខេត្តជាពិសេសសមិទ្ធផលធំៗ ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដូចជាទំនប់វ៉ារីអគ្គិសនីអាតៃ នៅឃុំអូរសោម, ទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបានជាង ៥០លានម៉ែត្រគូប, ផ្លូវជាតិលេខ៥៥ ដែលនឹងកំពុងស្ថាបនាបាន៨០%ហើយ តភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ព្រំប្រទល់កម្ពុជាថៃ ឃុំថ្មដា ស្រុកវាលវែង, ផ្លូវលំជនបទក្រាលកៅស៊ូ ចំនួន១០ខ្សែ ប្រវែង១២៥.៥គីឡូម៉ែត្រ និងសមិទ្ធផលផ្សេងៗទៀត៕