(ភ្នំពេញ)៖ នារីៗម៉ាស្សា និងកោសជប់មួយចំនួន តែងតែលួចបន្លំលុយភ្ញៀវ ហើយដូរលុយក្លែងក្លាយឲ្យទៅភ្ញៀវវិញ ដែលរឿងនេះបានកើតឡើង ជាញឹកញាប់ទៅហើយ។ ជាក់ស្តែងបុរសម្នាក់ទៀតបន្ទាប់ពីមិនសូវស្រួលខ្លួន បាន ទៅរកសេវាកោសជប់ នៅហាងម៉ាស្សាមួយកន្លែង ហើយត្រូវបាន នារីម៉ាស្សានៅទីនោះ បន្លំលួចលុយអស់ចំនួន៤៥០ដុល្លារ ដោយដូរទុកដុល្លារលុយសែនខ្មោចមកវិញចំនួន២០០ដុល្លារ មកឲ្យភ្ញៀវវិញ។
ជនរងគ្រោះបន្ទាប់ពីដឹងខ្លួនថា បានបាត់លុយនោះ ក៏រត់មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ចុះឃាត់ខ្លួននារីម៉ាស្សា ចំនួន៦នាក់យកមកសួរនាំ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ហាងម៉ាស្សាមួយកន្លែង តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ិន ខេង អាយុ៤៥ឆ្នាំ ស្នាក់នៅបុរីប៊ុនហួថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកំណើតនៅខេត្តបាត់ដំបង។
ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយមិនស្រួលខ្លួន រូបគាត់ក៏បានទៅចូលឲ្យនារីម៉ាស្សាកោសខ្យល់ ពេលចូលទៅដល់ស្រាប់តែ នារីនោះឲ្យរូបគាត់ដោះខោអាវ ហើយយកទៅព្យូនៅជញ្ជាំងចុងជើង ខណៈកំពុងកោសស្រាប់តែ លឺសំឡេង មានមនុស្សម្នាក់ទៀត ដើរមក ភ្លាមនោះរូបគាត់បានងើបមើលខោស្រាប់តែឃើញនៅកន្លែងដដែល តែដោយសារ មិនអស់ចិត្តទើបងើប មកឆែកកាបូបមើលស្រាប់តែឃើញលុយដុល្លារ ក្លែងក្លាយចំនួន២០០ដុល្លារទៅវិញ ហើយបានបាត់ លុយពិតអស់ចំនួន៤៥០ដុល្លារ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោរឡោ។
ពេលដឹងថា ខ្លួនបានបាត់លុយ ទើបរត់ទៅប្តឹនគរប៉ុស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួននារីបម្រើកាម៉ាស្សាចំនួន៦នាក់ យកទៅធ្វើការសួរនាំភ្លាមៗតែម្តង៕