(ភ្នំពេញ)៖ បន្ទាប់ពីបទបង្ហាញគំនិតអាជីវកម្មបែបឌីជីថលរបស់ពួកគេ ត្រូវបានចាត់ទុកថាអាចមានលទ្ធភាពទទួលបាន​ជោគជ័យបំផុត នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី SmartStart របស់ក្រុមហ៊ុន Smart នេះ បានស្វែងរកឃើញអ្នកឈ្នះជយលាភី​ចំនួន៥ក្រុមហើយ ដោយមួយក្រុមៗ ឈ្នះទឹកប្រាក់៤,០០០ដុល្លារ និងការជួយជ្រោមជ្រែងគាំទ្រដល់អាជីវកម្មថ្មី​របស់ខ្លួនរយៈពេល៦ខែ។

បន្ទាប់ពីឆ្លងកាត់ការផ្ដល់ដំបូន្មានពីអ្នកជំនាញមកពីក្រុមហ៊ុន Smart និងពីវិស័យអាជីវកម្មរួចមក បេក្ខជន ១៥ ក្រុមដែលបាន​ជម្រុះសល់ពីវគ្គទីមួយនៃគម្រោងនេះ បានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ខ្លួន​ដល់គណៈកម្មការវាយតម្លៃ ដែលក្នុងនោះរួមមានលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Kanishka Wickrama នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Smart កញ្ញា Zoe NG សហស្ថាបនិកក្រុមហ៊ុន Raintree កញ្ញា Malypoeur Plong ស្ថាបនិកក្រុមហ៊ុន Stops Near Me និងលោក David Sok Dara Marshall នាយកក្រុមហ៊ុន Mekong Strategic Partners ។

ជយលាភីទាំង៥ក្រុមនេះ គឺត្រូវបានជម្រុះចេញពីបេក្ខជនដំបូងចំនួន៣០ក្រុម ដែលសុទ្ធសឹងជានិស្សិតមកពីសកល​វិទ្យាល័យនានា ។ នៅពេលនេះ ពួកគេ នឹងឈានដល់ដំណាក់កាលបណ្ដុះបណ្ដាល លម្អិតរយៈពេល៦ខែ ដែលក្នុងរយៈកាលនេះ ផែនការអាជីវកម្មរបស់ពួកគេនឹងត្រូវសម្រិតសម្រាំងបន្ថែមទៀត និងរៀបចំឲ្យចេញជាគំនិត​អាជីវកម្មដែលអាចទទួលផលចំណេញ ។ ក្រុមដែលរីកលូតលាស់លឿនបំផុតនឹងមានឱកាស​ធ្វើដំណើរទៅកាន់ប្រទេស​សិង្ហបុរី ដើម្បីធ្វើទស្សនកិច្ចនៅក្រុមហ៊ុននានា ដូចជា Google, Facebook និង Microsoft ជាដើម និងដើម្បីទទួលបាននូវគន្លឹះ និងដំបូន្មានដ៏មានតម្លៃបន្ថែមទៀត ។

កញ្ញា Zoe Ng នាយកក្រុមហ៊ុន Raintree និងជាសមាជិកគណៈកម្មការ បានកោតសរសើរដល់ក្រុមបេក្ខជនទាំងអស់​សម្រាប់ការខិតខំប្រឹងប្រែង និងគំនិតល្អៗរបស់ពួកគេ។ កញ្ញាបានឲ្យដឹងថា៖ «ក្រុមទាំងប្រាំបានធ្វើឲ្យខ្ញុំ និងគណៈកម្មការភ្ញាក់ផ្អើលចំពោះគុណភាពនៃគំនិតអាជីវកម្មរបស់គេ ក៏ដូចជាការប្ដេជ្ញាចិត្តដើម្បីឈោង​ចាប់ក្តីស្រមៃរបស់ខ្លួន ខ្ញុំពិតជាចង់ឃើញគំនិតអាជីវកម្មរបស់ពួកគេក្លាយជាការពិត ក៏ដូចជាចង់ឃើញអតិថិជន​ដំបូងរបស់គេផងដែរ ។ នេះជាពេលវេលាដ៏សោមនស្ស ដែលខ្ញុំបានចូលរួមក្នុងការបង្កើតថ្មីផ្នែកបច្ចេកវិទ្យានៅកម្ពុជា ក្នុងនោះនិស្សិតទាំងអស់នេះ គឺជាតឹកតាងបញ្ជាក់ឲ្យឃើញពីគុណភាពនៃគំនិតអាជីវកម្មទៅថ្ងៃខាងមុខ» ។

ក្រុមជយលាភីទាំង៥ក្រុម នោះមាន៖ ក្រុម Go Soccer ៖ ជាវិបសាយដែលអនុញ្ញាតឲ្យអ្នកកក់ទីលាន​បាល់ទាត់គ្រប់ ទីកន្លែងក្នុងក្រុងភ្នំពេញ, ក្រុម Prestige៖ ជាវិបសាយដែលផ្ដល់សេវាកម្ម ប្រឹក្សាយោបល់អំពីកាដូ ការវេចខ្ចប់ និងការដឹកជញ្ជូនជូនដល់ម្ចាស់កាដូ, ក្រុម Spare៖ ជា App ដែលយើងអាច កក់ទីតាំងរឺការិយាល័យទំនេរបាន, ក្រុម Be First៖ ជា App ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់រៀនភាសាខ្មែរកម្រិតមូលដ្ឋាន តាមរយៈការហាត់អនុវត្តថាតាមសូរស័ព្ទ ក៏ដូចជាការរៀនសូត្រអំពីវប្បធម៌ផងដែរ និងក្រុម «សុភមង្គល»៖ ជា App ដែលអនុញ្ញាតឲ្យគូស្នេហ៍ដែលគ្រោងនឹងរៀបការ ឲ្យអាចទាក់ទងជាមួយនឹងអ្នកផ្គត់ផ្គង់និងសេវារៀបចំអាពាហ៍ពិពាហ៍របស់ខ្លួនបាន។

និស្សិត ពៅ សុខុម មកពីក្រុម Prestige បានឲ្យដឹងថា ការឈានមកដល់ដំណាក់កាលនេះ គឺជាពេលវេលាដ៏អស្ចារ្យ​សម្រាប់ក្រុម ខ្ញុំមិនដែលគិតសោះថា ខ្ញុំនិងក្រុមខ្ញុំនឹងឆ្លងមកដល់វគ្គនេះ ។ យើងដឹងហើយថា យើងមានគំនិតល្អ ប៉ុន្តែ ការជួយគាំទ្រដែលយើងទទួលបាន ពិតជាបានបង្ហាញផ្លូវឲ្យពួកយើងសម្រិតសម្រាំង​គំនិតមួយនេះឲ្យកាន់តែ​ប្រសើរថែមទៀត ។ ខ្ញុំសូមថ្លែងអំណរគុណដល់មិត្តភក្តិ ក្រុមគ្រួសារ សកលវិទ្យាល័យរបស់ខ្ញុំ ក៏ដូចជា SmartStart ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំឈោងចាប់ក្តីសុបិន ហើយកំពុងតែឈានខិត ទៅរកការអនុវត្តគំនិតអាជីវកម្មរបស់យើង​ ឲ្យចេញជាផ្លែផ្កា នេះពិតជាបទពិសោធន៍ ដែលជួយកែប្រែជីវិតសម្រាប់យើងទាំងអស់គ្នា ហើយខ្ញុំសូមជំរុញឲ្យមិត្តភក្តិចូលរួមឲ្យបានច្រើន ក្នុងគម្រោងនេះនាឆ្នាំក្រោយ»។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart «អបអរដល់ជ័យលាភីទាំងប្រាំក្រុម ហើយមានការស្ញប់ស្ញែង យ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងក្នុងការប្រកួតប្រជែងកន្លងមកនេះ ខ្ញុំត្រូវនិយាយថា សិស្សនិស្សិតកម្ពុជាពិតជាមាន ទេពកោសល្យខ្លាំងណាស់។ បេក្ខជនទាំង ១៥ ក្រុមបានធ្វើឲ្យអ្នកទស្សនារំភើបក្នុងចិត្ត ហើយបានទាក់ទាញទឹកចិត្ត ដល់មនុស្សម្នាក់    ឲ្យចាប់អារម្មណ៍ចំពោះបទបង្ហាញអំពីអាជីវកម្មថ្មី ផ្នែកបច្ចេកវិទ្យារបស់ខ្លួននាថ្ងៃនេះ ក្រុមហ៊ុន Smart មានមោទនភាព ដែលបានរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅរកការបង្កើតអាជីវកម្ម បែបឌីជីថលរបស់ពួកគេនៅ ថ្ងៃទី២៨ឧសភានេះ ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន «ខ្ញុំសូមអបអរសាទរដល់​បេក្ខជនទាំងអស់ ដែលបានឈានមកដល់វគ្គនេះ អ្នកទាំងអស់គ្នា គឺជាអនាគតនៃប្រទេសរបស់យើង ខណៈពេលដែល​វិស័យ ICT ដើរតួនាទី ចម្បងក្នុងការបោះជំហានចូលទៅក្នុងបដិត្តន៍ឧស្សាហកម្មទី៤ ខ្ញុំសូមជំរុញទឹកចិត្តឲ្យអ្នកទាំងអស់គ្នា បន្តការតាំងចិត្តដើម្បីអភិវឌ្ឍក្តីសុបិនបែបឌីជីថលរបស់យើងជាមួយនឹងក្រុមហ៊ុន Smart ហើយសូមកោតសរសើរដល់​ភាគីពាក់ព័ន្ធ ក្នុងការបង្កើតកម្មវិធីដ៏ល្អមួយនេះ សម្រាប់និស្សិតសកលវិទ្យាល័យ​នៅក្នុងប្រទេសកម្ពុជា» ។

ក្រុមហ៊ុន Smart បានដាក់ចេញកម្មវិធី «SmartStart: Young Innovator Program» របស់ខ្លួននៅខែកុម្ភៈ  គម្រោងនេះទទួលបាន​ការគាំទ្រ​ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលបំណង បំផុស ជំរុញ និងបណ្ដុះគំនិតអាជីវកម្មទាក់ទិននឹងបច្ចេកវិទ្យា ដល់បណ្ដានិស្សិតដែលសិក្សានៅ​សកលវិទ្យាល័យនានា​ក្នុងប្រទេសកម្ពុជា ដោយផ្ដល់នូវការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសដល់គំនិតអាជីវកម្​មរបស់ពួកគេ ។ បេក្ខជន៣០ ក្រុមដំបូងត្រូវបានជម្រុះមកនៅត្រឹមតែ ១៥ ក្រុមនៅក្នុងវគ្គ Hackathon រយៈពេលពីរថ្ងៃ ដែលបានប្រព្រឹត្តទៅ កាលពីចុងខែមេសា ។

នៅពាក់កណ្ដាលខែឧសភា ក្រុមបេក្ខជនបានចូលរួមវគ្គ «Technopreneurship Challeng» ដែលពេលនោះ ពួកគេទទួល បានការដុសខាត់គម្រោងអាជីវកម្មរបស់ខ្លួន ព្រមទាំងទទួលបាននូវគំនិត និងដំបូន្មានល្អៗពីអ្នកជំនាញនានា និងដែលមកពីក្រុមហ៊ុន Smart ។ សូមតានដានអំពីវឌ្ឍនភាពរបស់ជយលាភីទាំងប្រាំក្រុមនៅលើទំព័រ Facebook ថ្មីរបស់ក្រុមហ៊ុន Smart ឈ្មោះថា “Smart for Cambodia” តាមរយៈ www.facebook.com/smart4cambodia/ ដែលត្រូវបានបង្កើតឡើងដើម្បីចែករំលែកព័ត៌មានស្ដីពីសកម្មភាពទំនួលខុសត្រូវផ្នែកសង្គម និងគំនិតផ្ដួចផ្ដើមប្រកបដោយនិរន្តរភាពនៅកម្ពុជា៕