(កណ្ដាល)៖ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់លាស់អំពីសេចក្ដីត្រូវការចាំបាច់ជាក់ស្ដែង ស្ថានភាពរស់នៅ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ដ្រស្រុកល្វាឯម ខេត្តកណ្ដាល, នៅថ្ងៃទី២៩ ខេឧសភា ឆ្នាំ២០១៧នេះ លោក អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ជាមួយពលរដ្ឋក្នុងឃុំសារិកាកែវ, ឃុំពាមឧកញ៉ាអុង, ឃុំកោះរះ និងឃុំព្រៃក្មេង។
ថ្លែងក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំជូនប្រជាពលរដ្ឋអំពីសារៈសំខាន់ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុន ហើយទិសដៅ នៃការបោះឆ្នោត គឺត្រូវបន្ដថែរក្សា ពូនជ្រុំសន្ដិភាព ដែលជាសមិទ្ធផលធំធេងមិនអាចកាត់ថ្លៃបាន របស់គណបក្ស ប្រជាជនកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍ភូមិឃុំ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
បើតាមលោកប្រធានក្រុមការងារ ការបោះឆ្នោតគឺដើម្បីបន្ដជំរុញ ពង្រឹងគ្រឹះប្រជាធិបតេយ្យនៅតាមឃុំសង្កាត់, ធានាសិទ្ធិស័្វយភាព និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន, លើកកម្ពស់អភិបាលកិច្ចឃុំ-សង្កាត់ ដើម្បីផ្ដល់សេវាសាធារណៈ កាន់តែប្រសើរឡើង, បន្ដរក្សាសន្ដិសុខ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីផ្ដល់ឱកាស ការងារដល់យុវជននៅមូលដ្ឋានកាន់តែសម្បូរបែបឡើង។
មកដល់ចំណុចនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៅពលរដ្ឋយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋទៅចូលរួម បោះឆ្នោត ក្នុងឱកាសជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខឲ្យ បានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កុំបីខាន ដើម្បីគណបក្សមានលទ្ធភាព បន្ដថែរក្សាសន្ដិភាព និងដឹកនាំអភិវឌ្ឍន៍ភូមិឃុំ និងប្រទេសជាតិឲ្យរីកចម្រើនបន្ថែមទៀត»។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានចុះត្រួតពិនិត្យការងារកសាងហេដ្ឋារចនាសម្ព័ន្ធ សា្ថនភាពផ្លូវគមនាគមន៍ ស្ពាន ថ្នល់ ក្នុងស្រុក ក្នុងទិសដៅចូលរួមលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត ដូចជាការអភិវឌ្ឍផ្ទាល់នៅតាមមូលដ្ឋាន៕