(ពោធិ៍សាត់)៖ សកម្មជនគាំទ្រមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ CNRP ចំនួន៩៣រូប មកពីភូមិរបោះរាំង ភូមិចំការអូរ ភូមិចំការខ្លុយ ភូមិអន្លង់ក្រាយ ភូមិបត់គគីរចាស់ និងភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបន្តដើរចេញពីគណបក្សជាហូរហែរ ដោយសារតែពួកគេអស់ជំនឿ លើការជ្រើសរើសក្បាលម៉ាស៊ីនគ្មានឧត្តមគតិស្នេហាជាតិ មិនមានគោលនយោបាយច្បាស់លាស់ មិននៅនឹងកន្លែង សន្យាខ្យល់ គ្មានការទទួលខុសត្រូវ ប្រកាន់បក្ខពួក និងប្រព្រឹត្តអំពើពុករលួយ។
ពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាកម្ពុជា ត្រូវធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅស្នាក់ការគណបក្សឃុំ ស្ថិតក្នុងភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី ប្រធានក្រុមការងារចុះជួយ ឃុំអូរតាប៉ោង លោក ហេង ចាន់ធួន អនុប្រធានគណៈពង្រឹងគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
លោក ហេង ចាន់ធួន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការប្រកាសចូលរួមការងារជាមួយ CPP នាពេលនេះ មិនមែនជាលើកទី១ទេ ហើយតទៅមុខទៀត នឹងមានបន្ថែមទៀតបើលោក កឹម សុខា មិនលាលែងពីដំណែង។
លោកបានបន្តថា «មូលហេតុនៃការស្ម័គ្រចិត្ត សុំចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺដោយសារតែពួកគាត់ មើលឃើញយ៉ាងច្បាស់ អំពីសកម្មភាព នៃការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមរីកចម្រើនដូចសព្វថ្ងៃ ព្រមទាំងសកម្មភាពចុះជួប និងជួយប្រជាពលរដ្ឋទូទៅ គ្រប់រូបភាព របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំសង្កាត់»។
លោកបានបន្តទៀតថា «គោលនយោបាយបក្សប្រឆាំង គឺមិនច្បាស់លាស់ទេ CNRP បានចោទ CPP និងបាននិយាយថា ត្រូវរើសមេឃុំបម្រើរាស្រ្ត កុំរើសមេឃុំបម្រើបក្ស តែពាក្យនេះគួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ ហើយបក្សប្រឆាំងមានដែលបម្រើរាស្រ្តស្អីខ្លះ? ធ្វើអ្វីបានខ្លះ?។
បើមេឃុំបក្សប្រជាជនកម្ពុជា ទើបបានបម្រើសរាស្រ្តពិតប្រាកដ រួមទាំងកសាង និងអភិវឌ្ឍន៍ភូមិ/ឃុំ ឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ»។
ជាមួយគ្នានោះ លោកបានរំលឹកថា នៅសល់តែ៦ថ្ងៃទៀតទេ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាឯកសារដែលមានការពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕