(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍រស់នៅប៊ូឌីញ «ស» ចំនួន៤៣៦គ្រួសារហើយ ដែលបានទៅចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួន ឲ្យទៅក្រុមហ៊ុន Arakawa របស់ជប៉ុន នៅក្រសួងរៀបចំដែនដី និងមានប្រជាពលរដ្ឋ ១៥គ្រួសារទៀត បានណាត់ជួបនៅថ្ងៃនេះ ការណាត់ជួបនេះ គឺដើម្បីចុះកិច្ចសន្យា ទិញ-លក់នៅក្រសួងដែនដី។
ទម្រាំតែមានការស្រុះស្រួលទិញ-លក់លំនៅដ្ឋាននេះ ការសម្របសម្រួលត្រូវបានធ្វើឡើងជាច្រើនលើកមកហើយ តែដោយសារក្រោមកិច្ច សម្របសម្រួលរបស់ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជាលើកចុងក្រោយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ តំណាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ «ស» បានព្រមព្រៀងគ្នាទិញ-លក់ ក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដើម្បីជាថ្នូរនឹងការចាកចេញរបស់ពួកគាត់។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Arakawa ក៏បានជួយចេញថ្លៃក្នុងមួយគ្រួសារ ១០០ដុល្លារ ថែមទៀត ដើម្បីសម្រួលដល់ការរុះរើសម្ភារនានា ចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ។ សម្រាប់ការរុះរើនេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា នឹងអនុវត្តឡើងចាប់ពីខែមិថុនា ឆ្នាំ២០១៧ ខាងមុខតទៅ។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ នឹងបើកកិច្ចពិភាក្សាសារជាថ្មី ជាមួយប្រជាពលរដ្ឋអគារប៊ូឌីញ ដែលបានចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួន ឲ្យក្រុមហ៊ុន Arakawa របស់ជប៉ុនរួចរាល់ ព្រមជាមួយអ្នកដែលមិនទាន់បានចុះកិច្ចសន្យាផងដែរ។
បើតាមមន្រ្តីក្រសួងរៀបចំដែនដី កិច្ចប្រជុំខាងលើនឹងត្រូវធ្វើឡើងចំនួន ២លើកផ្សេងៗគ្នា៖
* លើកទី១៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នឹងជួបជាមួយប្រជាពលរដ្ឋ ដែលមិនទាន់ចុះកិច្ចលក់លំនៅដ្ឋានរបស់ខ្លួន ជាមួយតំណាងក្រុមហ៊ុន Arakawa នៅវេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។
* លើកទី២៖ លោកទេសរដ្ឋមន្រ្តី នឹងជួបជាមួយប្រជាពលរដ្ឋ ដែលព្រមចុះកិច្ចសន្យារួចរាល់វិញម្ដង គឺនៅវេលាម៉ោង ២៖៣០នាទី រសៀលថ្ងៃដដែល។
សូមជម្រាបថា អគារប៊ូឌីញ «ស» មានទំហំសរុបចំនួន ៤៩៣ឯកតា មានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ មានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa ធ្វើការសិក្សាអភិវឌ្ឍអគារដ៏ចំណាស់មួយនេះ ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕