(ភ្នំពេញ)៖ លោក សុខ ទូច អ្នកស្រាវជ្រាវបញ្ហាសង្គម និងវិភាគនយោបាយនៅកម្ពុជា បានថ្លែងរិះគន់ជាខ្លាំងចំពោះបំណងរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលចង់លុបបំបាត់ក្រសួងអភិវឌ្ឍន៍ជនបទនៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។ លោក សុខ ទូច បញ្ជាក់ថា ការលុបបំបាត់ ក្រសួងអភិវឌ្ឍន៍ជនបទមិនមែនជាដំណោះស្រាយជួយឲ្យការអភិវឌ្ឍឃុំ សង្កាត់ បានល្អប្រសើរ និងរីកចម្រើននោះឡើយ។

ការថ្លែងរិះគន់របស់អ្នកវិភាគនយោបាយមិនសំចៃមាត់ លោក សុខ ទូច បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីគោលនយោបាយរបស់គណបក្សសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក សុខ ទូច បានលើកឡើងថា ការអភិវឌ្ឍន៍ឃុំ សង្កាត់ គឹត្រូវការមនុស្សដែលមានចំណេះដឹងខ្ពស់ ខណៈដែលនៅតាមឃុំ សង្កាត់ ចំណេះដឹងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅមានកម្រិតនៅឡើយ។ បើតាមលោក សុខ ទូច ក្រសួងអភិវដ្ឍន៍ជនបទ គឺជាក្បាលម៉ាស៊ីនធំមួយសម្រាប់ការដាក់ចេញគោលនយោបាយនានាសម្រាប់ជួយអភិវឌ្ឍន៍នៅតាមឃុំ សង្កាត់។

លោក សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «ការលុបក្រសួងអភិវឌ្ឍន៍ជនបទ និយាយបានអ្នកនយោបាយ តែសូមឲ្យអ្នកនយោបាយដើរសិន ទៅមើលសិនទៅ លុបមិច បើឃុំ-សង្កាត់ មានចំណេះដឹងតូចជាងអភិវឌ្ឍន៍ជនបទទៅទៀត ហើយប្រសិនជាលុបចោល ឧទាហរណ៍ មន្រ្តីរាជការ រាជបណ្ឌិតសភា គេរើសចាប់ពី Master ឡើងទៅ។ ឃុំ-សង្កាត់ មានដាក់ឯណា ឃើញកំពុងអង្គុយនេះ សុទ្ធតែ Master ឡើងទៅ ហើយសុទ្ធតែប្រឡងទៀត ប៉ុណ្ណឹងចង់ពិបាកផង ចុះទំរាំយើងទៅលុបក្រសួងមួយ ដែលមានចំណេះដឹងខ្ពស់ គេជ្រើសចាប់ពីបរិញ្ញាប័ត្រទៅ បើលុបទៅវាយ៉ាងម៉េចវិញ?។ ពីព្រោះក្រសួងមួយចំណាយពី៣៥ ទៅ៤០លានដុល្លារសហរដ្ឋអាមេរិក ក្រសួងអភិវឌ្ឍន៍ជន បទ ប៉ុន្តែបើយើងយក ៥០លាន វាត្រូវការអស់ ៨០០លាន ចឹងសួរថា រំលាយយកក្រសួងអភិវឌ្ឍយកទៅប្រើឃុំ-សង្កាត់ បានអត់?»។

លោកបន្តថា «យើងធ្វើឲ្យមានតុល្យភាព វាអត់មាន វាបង្កើតបញ្ហាតទៅទៀត មួយត្រូវការ ៤០លានដុល្លារ មួយត្រូវការ ៨០០លាន លុបអភិវឌ្ឍន៍ជនបទមួយ ក៏វាអត់ឆ្លើយតបនឹងការអភិវឌ្ឍន៍ឃុំ-សង្កាត់ដែរ ពីព្រោះវា ត្រូវការ៨០០លាន អាហ្នឹងហើយដែលយើងត្រូវការផ្ទៀតផ្ទាត់»

លោក កឹម សុខា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជាលើកដំបូង បានថ្លែងប្រាប់អ្នកគាំទ្រថា លោកនឹងលុបក្រសួងអភិវឌ្ឍន៍ជនបទ នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។

លោក សុខ ទូច បានបញ្ជាក់ថា ការលុបបំបាត់ក្រសួងអភិវឌ្ឍន៍ជនបទ មិនត្រឹមតែមិនអាចជួយដោះស្រាយបញ្ហាអភិវឌ្ឍន៍ឃុំ សង្កាត់ បាននោះទេ វានឹងធ្វើឲ្យមន្រ្តីជាច្រើនទៀតត្រូវបាត់បង់ការងារ។

លោក ផាន់ សិទ្ធិ មន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច ក៏មិនគាំទ្រគំនិតលុបក្រសួងអភិវឌ្ឍន៍ជនបទរបស់លោក កឹម សុខា ផងដែរ តែលោកបានប្រាប់ប្រជាពលរដ្ឋថា កុំឲ្យព្រួយបារម្ភ។ លោក ផាន់ សិទ្ធិ បានលើកឡើងថា ការលុបក្រសួងនីមួយៗមិនអាចចេះតែធ្វើទៅបាននោះទេ បើទោះបីគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ព្រោះវាទាមទារឲ្យមានការបោះឆ្នោតសម្រេចពីរដ្ឋសភាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយគ្រីស្ទបរិស័ទកាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ ក៏បានសម្តែងការហួសចិត្តចំពោះការប្រកាសរបស់លោក កឹម សុខាផងដែរ។ សម្តេចបានថ្លែងថា ប្រធានគណបក្សសង្រ្គោះជាតិរូបនេះ មិនទាន់ទាំងបានកាន់អំណាចផង ហ៊ានប្រកាសលុបនេះលុបនោះទៅហើយ ដោយមិនបានគិតពីផលប៉ះពាល់អ្វីទាំងអស់៕