(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីការទុកចិត្ត និងជឿជាក់ទាំងស្រុង លើទីប្រឹក្សាជាន់ខ្ពស់សេតវិមាន និងជាកូនប្រសារប្រុសរបស់ខ្លួន គឺលោក ហ្សារ៉ែត ឃូស្នើ (Jared Kushner) ដែលត្រូវបានគេចោទប្រកាន់ថា បានលួចទាក់ទងដោយសម្ងាត់ ជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមអត្ថបទដកស្រង់ពី New York Times លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ហ្សារ៉ែត កំពុងធ្វើការដ៏អស្ចារ្យដើម្បីប្រទេសជាតិ ... ហើយខ្ញុំទុកចិត្តលើគាត់ទាំងស្រុង។ គាត់គឺជាមនុស្សម្នាក់ ត្រូវបានអ្នកទាំងអស់គ្នាគោរព ខណៈគាត់កំពុងធ្វើការលើកម្មវិធី ដែលនឹងជួយសន្សំ សម្ចៃប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ប្រទេសរបស់យើង»។
គួរបញ្ជាក់ថា បើតាមកាសែត Washington Post លោក ហ្សារ៉ែត ឃូស្នើ ធ្លាប់បានពិភាក្សាជាសម្ងាត់ជាមួយអគ្គរដ្ឋទូតរុស្ស៊ី លោក សឺជី គីស្លីយ៉ាក់ (Sergueï Kislyak) ក្នុងគោលបំណងរៀបចំខ្សែទូរស័ព្ទសម្ងាត់មួយ ឲ្យលោក ត្រាំ ធ្វើការពិភាក្សាបញ្ហាសន្តិសុខ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ មុននឹង លោក ត្រាំ ស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ជាងនេះទៅទៀត ការចុះផ្សាយរបស់កាសែត Washington Post ធ្វើឡើងចំពេលដែលលោក ត្រាំ ខ្លួនឯង បានបង្កព្យុះភ្លៀងនយោបាយនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្វើឱ្យបែកធ្លាយកិច្ចការសម្ងាត់ជាតិ។ ក៏ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ បានហៅ Washington Post ថា ជាព័ត៌មានក្លែងក្លាយ (Fake News) ព្រមទាំងចោទប្រកាន់បន្ថែមថា ព័ត៌មានក្លែងក្លាយគឺជាសត្រូវ៕