(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន តំណាងរាស្រ្តមណ្ឌលកំពង់ចាម បានដាស់តឿនសមាជិកបក្ស និងប្រជាពលរដ្ឋត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ហើយម្នាក់ៗត្រូវទៅបោះឆ្នោតឲ្យបាន គ្រប់គ្នា។
ការអំពាវនាវនេះក្នុងឱកាស លោកជួបសំណេះសំណាលជាមួយ សមាជិកសមាជិការគណបក្ស ជាភ្ងាក់ងារសង្កេតការណ៍គណបក្ស ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន៤៧៤នាក់ ក្រោមប្រធានបទ «បទបញ្ជា នីតិវិធី និងក្រមសីលធម៌» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោត ឈានចូលថ្ងៃទី១០ផងដែរ។
លោកតំណាងរាស្រ្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឈានទៅរកភាពរីកចម្រើនរុងរឿង ប្រកបដោយសុខដុមនីយកម្ម ជាមួយនឹងសមិទ្ធផលដ៏ល្អប្រសើរលើគ្រប់វិស័យ។
លោកប្រធានក្រុមការងារ បានដាស់តឿនដល់ពលរដ្ឋកុំជឿលើការឃោសនារបស់គណបក្សដទៃ ដែលកំពុងប្រើនយោបាយប្រជាភិថុត គឺសន្យាខ្យល់ ដើម្បីលួងលោមបោកប្រាស់ និងភូតកុហកប្រជាពលរដ្ឋ ក្នុងការបំភ្លៃ បំភ័ន្ត បំប៉ោង បំផ្លើស និងញុះញង់ប្រជាពលរដ្ឋឲ្យស្អប់ និងមានកំហឹងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានជម្រាបជូនដល់សមាជិកបក្សទាំងអស់ ត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការបោះឆ្នោត ស្គាល់ឱ្យច្បាស់ អំពីលេខរៀងបក្ស សញ្ញាបក្ស ដើម្បីជៀសវាងការភ័ន្តច្រឡំនឹងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតឱ្យ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងនេះ៕