(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានថ្លែងថា បោះឆ្នោតជូនបក្សទេវតា ព្រោះទេវតាជួយថែរក្សាឲ្យយើងបានសេចក្តីសុខ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំយុទ្ធនាការឃោសនាស្វែងរកសម្លេងគាំទ្រគណបក្ស ប្រជាជនកម្ពុជា នៅភូមិស្រែព្រីង ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្រ្តី «ស្រុកយើងបានសុខសន្តិភាព ដែលមិនធ្លាប់មានក្នុងរយ:ពេល៥០០ឆ្នាំចុងក្រោយនេះ តាមប្រវត្តិសាស្រ្តយើងបានឆ្លងកាត់សង្រ្គាម និងសន្តិភាព តែមានការបែងចែកទឹកដី គ្មានការឯកភាពទឹកដីដូចសព្វថ្ងៃឡើយ។ ដោយសារយើងបានសុខសន្តិភាព ទើបកសាងបានប៉ុណ្ណឹង កន្លងមក មានអ្នកចង់បំផ្លាញសន្តិភាព និងស្ថិរភាពសង្គម ដោយដើរឃោសនាលាបពណ៌ បញ្ឆេះកំហឹងក្នុងចំណោមប្រជាជនឱ្យស្អប់អ្នកមាន អ្នកកាន់អំណាច និងចោទថាពួកយើងក្បត់ជាតិ, នេះហើយជាអ្វីដែលយើងមើលឃើញថា ពួកនេះនឹងនាំឱ្យមានចលាចល និងកើតសង្រ្គាម»។
លោកទេសរដ្ឋមន្រ្តី បន្ដថា «គណបក្សប្រជាជនកម្ពុជា បានដឹកនាំមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលមានស្ពានថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរាប់មិនអស់។ តែពួកបក្សប្រឆាំងថាយើងអសមត្ថភាពក្នុងការដឹកនាំ និងមិនបានធ្វើអ្វីទាំងអស់ ជាក់ស្តែង បក្សប្រឆាំងឯនោះទេដែលមិនមានសមត្ថភាពដឹកនាំ និងគ្រប់គ្រង សូម្បីតែទូរទស្សន៍ មិនអាចបើកបានផង មានសមត្ថភាពឯណាមកដឹកនាំប្រទេស។ យើងខំរកការងារ ឲ្យបងប្អូនកូនចៅយើង ដោយទាក់ទាញវិនិយោគិនឲ្យមកបើករោងចក្រ តែពួកអ្នកប្រឆាំងទៅឃាត់
កុំឲ្យថៅកែមករកស៊ីនៅស្រុកខ្មែរ ហើយចោទថាយើងក្បត់ជាតិ ឯពួកគាត់ស្នេហាជាតិ»។
លោកទេសរដ្ឋមន្រ្តី អៀង មូលី រាជរដ្ឋាភិបាលបានខិតខំគិតគូរដំឡើងប្រាក់ខែជូនកម្មករ និងមន្ត្រីរាជការ ចាប់ពីខែមេសា ឆ្នាំ២០១៧ នេះ កម្មករបានប្រាក់ខែគោល១៥៣ដុល្លារក្នុងមួយខែ។ ដោយឡែកក្នុងភូមិស្រែព្រីង មានកម្មករប្រមាណ១០០នាក់ ដូច្នេះមានប្រាក់ចូលភូមិប្រមាណ២សែនដុល្លារក្នុងមួយឆ្នាំ ហើយរាជរដ្ឋាភិបាល ក៏បានគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឲ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ លើសពីនេះ ពេលចាស់កម្មករយើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។
លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សមាជិកសមាជិកា បោះឆ្នោតជូនគណបក្សម្នាក់មួយសន្លឹក និងនាំមិត្តភក្តិ បងប្អូន កូនក្មួយទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនបក្សទេវតា ព្រោះទេវតាថែរក្សាយើងឱ្យបានសុខសប្បាយ៕