(សៀមរាប)៖ ក្រុមហ៊ុនទឹកពិសាឈានមុខគេ វីតាល់ សហការជាមួយសមាគមអ្នកជិះកង់ខេត្តសៀមរាប បានរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ធំបំផុត ប្រចាំឆ្នាំ ដោយប្រមូលថវិកាបានរហូតដល់ទៅ១៨,០០០ដុល្លារអាមេរិក ដើម្បីបរិច្ចាគទាំងស្រុងជូនមន្ទីរពេទ្យគុន្ធបុប្ផា។
កម្មវិធី «តោះជិះកង់ដើម្បីសហគមន៍» មានការចូលរួមពីសាធារណជនជាតិ និងអន្តរជាតិយ៉ាងច្រើន កុះករជាង៧០០នាក់ នៅថ្ងៃចុងសប្តាហ៍នេះ ដោយចាប់ផ្តើមពីសណ្ឋាគារបុរីអង្គរ ដល់ប្រាសាទភ្នំក្រោម។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ បានថ្លែងថា ក្រុមហ៊ុនវីតាល់ មិនត្រឹមតែជាទឹកពិសាឈានមុខគេទាំងគុណភាព និងកំណើនទីផ្សារនោះទេ វីតាល់ក៏ត្រូវបានទទួលស្គាល់ផងដែរថា ជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ ចំពោះកម្មវិធីសប្បុរសធម៌ ក្នុងសង្គមដែលមានជាច្រើនរូបភាព។
ដោយផ្អែកលើទស្សន វិស្ស័យរួមគ្នា គឺការជួយដល់ដល់សង្គម និងពង្រឹងសកម្មភាពមនុស្សធម៌ វីតាល់ រីករាយនឹងបន្តគាំទ្រដល់ សមាគមជិះកង់កម្ពុជា ក្នុងការរៀបចំកម្មវិធីជិះកង់សប្បុរសធំបំផុត ដើម្បីមន្ទីពេទ្យគុន្ធបុប្ផា។
លោកបានបន្តថា វីតាល់ មើលឃើញពីលក្ខណសម្បតិ្ត ជាពិសេស នៃកម្មវិធីដែលបានក្រុមការងារ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រារព្ធកម្មវិធីមួយ ដ៏ល្អ សម្រាបសង្គមជាតិ និងវិស័យកីឡាបែបសាមគ្គីភាព ហើយយើងក៏រំពឹងថា នឹងបន្តសកម្មភាពនេះបន្តបន្ទាប់ទៀត រៀងរាល់ឆ្នាំ បើសិនជានៅតែមានការគាំទ្រខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
លោក គឹម ប៊ុនថាន់ បានបន្ថែមថា កម្មវិធីជិះកង់ដើម្បីសហគមន៍ឆ្នាំនេះ គឺរំភើបជាងឆ្នាំមុន ព្រោះយើងទទួលចំនួនអ្នកចូលរួមច្រើនជាងមុន ព្រមទាំង ទទួលបានការគាំទ្រកាន់តែខ្លាំង ពីសំណាក់អ្នកឧបត្ថម្ភជាច្រើនស្ថាប័នផងដែរ។ អ្វីដែលកាន់តែរីករាយទៅទៀតនោះគឺ សំបុត្រចូលរួមត្រូវបានលក់ អស់តាំង ពីថ្ងៃចាប់បើកលក់ក្នុងអាទិត្យដំបូង ហើយចំនួនក៏បន្តកើនឡើងជាលំដាប់ ដែលការនេះបានបង្កើនទឹកចិត្តក្រុមការងារ យើងឲ្យខិតខំបន្ថែមទៀតដើម្បីកីឡា និងសង្គមជាតិកម្ពុជា។
លោក ប៊ុន ថាន់ ក៏បានថ្លែងអំណរគុណ ដល់វីតាល់ចំពោះការចូលរួមចំណែកឧបត្ថម្ភ និងរៀបចំកម្មវិធីឲ្យមានភាព កាន់តែអធិអធម។ «តោះជិះកង់ដើម្បីសហគមន៍» បានបញ្ចប់ទៅដោយក្តីរីករាយ ស្នាមញញឹម មិត្តភាព និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
គ្រប់គ្នារំពឹងយ៉ាងមុតមាំថា កម្មវិធីនេះនេះនឹងបន្តស្ថិតស្ថេរជារៀងរាល់ឆ្នាំ ក្រុមហ៊ុនវីតាល់នឹង គាំទ្រយ៉ាងពេញទំហឹងបន្ថែមទៀត ដើម្បីក្តីរំភើបប្រជាពលរដ្ឋ និងកុមារកម្ពុជាទូទាំងប្រទេស៕