(កណ្ដាល)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះធំ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បន្ដបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវបេតុងប្រវែង៤៥០ម៉ែត្រ ក្នុងឃុំកំពង់កុង ស្រុកកោះធំ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការរិះរកគ្រប់មធ្យោបាយដើម្បីពង្រឹងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់តភ្ជាប់នៅទូទាំងប្រទេស ក៏ដូចជាតភ្ជាប់ជាមួយបណ្តាញផ្លូវរបស់ប្រទេសជិតខាង ដើម្បីសម្រួលដល់ការនាំចេញផលិតផង របស់កម្ពុជាផងដែរ។
ប្រជាពលរដ្ឋបានសម្តែងនូវការសាទរ ចំពោះសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើង ជាពិសេសចំពោះកិច្ចការដឹកជញ្ជូនកសិផលរបស់ខ្លួន ទៅកាន់ទីផ្សារ។
សូមជម្រាបថា នៅព្រឹកនេះ លោក ស៊ុន ចាន់ថុល ក៏បានបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវលំ ចំនួន៣ខ្សែដែលមានតម្លៃរាប់ម៉ឺន ដុល្លារ រួមមាន៖ ផ្លូវបេតុងចំនួនមួយខ្សែប្រវែង១,១០០ម៉ែត្រ និងផ្លូវដីក្រាលថ្មចំនួន២ខ្សែប្រវែង ៣,០០០ម៉ែត្រព្រមទាំងចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំកោះធំក ស្រុកកោះធំផងដែរ៕