(ភ្នំពេញ)៖​ លោកបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានមូលនិធិជួយជនពិការ កំបុតដៃទាំងពីរ បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋ​កម្ពុជា គ្រប់រូបភាព រួមទាំងជនពិការកំបុតដៃទាំងពីរផងដែរ បានរស់នៅដោយឯករាជ្យ និងសុខសុវត្ថិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន ដែលប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីបំរើសុខទុក្ខ និងផ្ដល់សន្ដិភាព ជូនប្រជារាស្ដ្រ ដោយមិនខ្លាចនឿយហត់ឡើយ។

លោកឧកញ៉ា បានថ្លែងបន្ដ ក្នុងពិធីជួបសំណេះសំណាល និងបន្តផ្តល់ថវិកាជួយជនពិការ កំបុតដៃទាំងពីរ នៅសណ្ឋាគារសាន់អែនមូន ថា «យើងខ្ញុំទាំងអស់គ្នា កក់ក្ដៅពេញចិត្ដ និងគាំទ្រ ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ដែលដឹកនាំប្រទេស ឈានទៅមុខ ដោយភាពរីកចម្រើន យ៉ាងឆាប់រហ័ស ពិសេស ដែលបានបង្កើតច្បាប់ និងបានសម្រួលគ្រប់សកម្មភាពឲ្យអ្នករកស៊ីនៅកម្ពុជា ប្រកួតប្រជែង ក្នុងការធ្វើជំនួញដោយស្មើភាព ទើបឲ្យមានអ្នកវិនិយោគ ពីក្រៅប្រទេសកាន់តែច្រើនឡើងៗ ដែលឈរលើសុខសន្ដិភាព និងស្ថេរភាពនយោបាយបានល្អ »

ទន្ទឹមនឹងនោះ ជនពិការកំបុតដៃទាំងពីរ បានថ្លែងអំណរអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលការដឹកនាំប្រទេស មានសុខសន្ដិភាព និងគ្មានសង្គ្រាម គ្មានការបែកបាក់គ្រួសារ កូនប្រពន្ធទៀតទេ ពិសេសមិនមានជនពិការដែលរងគ្រោះដោយសារសង្គ្រាមទៀតឡើយ លើសពីនេះ ដោយការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនំា បានធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា សម្រាប់ជនពិការ ក៏មានលទ្ធភាពល្អ ក្រៅពីសម្ដេចតេជោជួយហើយ នៅមានសប្បុរសជនទាំងក្រៅ និងក្នុងប្រទេស បន្ដជួយទៀត ពិសេស មូលនិធិ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀក រតនា បានផ្គត់ផ្គង់ថវិកា ដល់ជនពិការកំបុតដៃទាំងពីរ ទូទាំង២៥ខេត្ដ-ក្រុង សម្រាប់សិក្សា ប្រកបមុខរបស់ដោយខ្លួនអាចធ្វើបាន ពិសេសក្នុងវិស័យកសិកម្មផ្សេងៗ រួមទាំងចិញ្ចឹមសត្វ ជ្រូក មាន់ ទារ ។

ព្រមជាមួយគ្នានោះលោកឧកញ៉ាបណ្ឌិត បានបន្ថែមទៀតថា ទាំងសប្បុរសជន លោក និងគ្រួសារ សប្បាយរីករាយណាស់ ពេលដែលអាចជួយ ពួកគាត់ជាជនពិការកំបុតដៃទាំងពីរនេះ បានរស់នៅក្នុងជីវភាពល្អប្រសើរ ។ លោកបានផ្ដាំផ្ញើរបន្ដទៀតដែរថា យើងនឹងបន្ដជួយរហូត ទៅតាមអ្វីដែលអាចធ្វើបាន ហើយការជួយនេះ វាមិនអាចថាគ្រប់គ្រាន់នោះទេ ព្រោះ នៅលើលោកនេះ គ្មានអ្វីថាគ្រប់គ្រាន់នោះទេ លុះត្រាតែអ្នកចាប់ផ្ដើមចង់ឲ្យជីវិតខ្លួនឋិតនៅត្រង់ចំណុចណានោះ ពេលដែលមានអ្នកជួយហើយនោះ ។

គួរ រំលឹកថា មានគោលនយោបាយដឹកនាំល្អពីសំណាក់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិរីកចម្រើនគ្រប់វិស័យ និងធ្វើឲ្យអ្នកវិនិយោគទុនបរទេស និងក្នុងប្រទេសមានជំនឿលើការដឹកនាំ ហើយបានពង្រីកទុនរកស៊ីកាន់ធំ និងកាន់ទទួលបានរីកចម្រើន ដែលក្នុងនោះ លោក ជា រតនា ដែលជាអ្នកជំនួញដ៏ល្បីមួយរូប ក៏បានក្លាយជាអ្នកជោគជ័យក្នុងមុខជំនួញខ្លួនផងដែរ ។

សម្រាប់ជនពិការកំបុតដៃទាំងពីរចំនួន៥នាក់ ដែលបានមកទទួលបា្រក់បន្ថែម ពីមូលនិធិ លោកបណ្ឌិត ជា រតនា សម្រាប់ពង្រីកមុខរបរ ដែលក្នុងនោះ ឈ្មោះចាប បុត្រ, ឈ្មោះ ភោគ វណ្ឌី ទទួលបានប្រាក់ម្នាក់១,០០០ដុល្លារ, ឈ្មោះ វន់ វណ្ណា ទទួលបានទូរ ភ្ញាស់ពងមាន់ ពងទា១ អេឡិចត្រូនិកមួយ មានតម្លៃ១៥០០ដុល្លារ, ឈ្មោះ សៅ ភោនទទួលបានប្រាក់៤លានរៀល ព្រមទាំងឈ្មោះនុត  សុវណ្ណា ទទួលបានប្រាក់បន្ថែមចំនួន១លានរៀល ៕