(ភ្នំពេញ)៖ កម្ពុជាពិតជាមានមោទណភាព សម្រាប់ស្នាដៃដ៏ត្រចះត្រចង់ ដោយបាននាំនិស្សិតឆ្នើមទៅប្រកួតប្រជែង ផ្នែកបច្ចេកទេសចំនួន២៥រូប ទៅប្រកួតនៅឆាកអន្តរជាតិ នៅថ្ងៃទី២៣-២៥ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ហើយក៏បាននាំយកនូវមេដាយមាសចំនួន០៤គ្រឿង, ប្រាក់ចំនួន០១គ្រឿង រួមនិងពានរង្វាន់ពិសេស ក៏ដូចជាកញ្ចប់ថវិកាមួយចំនួនទៀត។ ទាំងអស់នេះបង្ហាញពីការរីកចម្រើនមួយផ្នែករបស់កម្ពុជា លើវិស័យអប់រំដែលដឹកនាំដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
បន្ទាប់ពីទទួលមេដាយមាស និងប្រាក់ ពីប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ «ការបង្កើតថ្មីគ្រោងថ្មី និងភាពច្នៃប្រឌិតវិទ្យាសាស្រ្តវ័យក្មេង» នោះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ សកលវិទ្យាល័យ «ន័រតុន» បានធ្វើសន្និសីទសារព័ត៌មានមួយដោយមានការចូលរួមពី លោកស្រីបណ្ឌិត សូ សុគន្ធារី ប្រធានកិត្តិយស ផ្នែកស្ថាបត្យកម្ម និងនគររោបនីយវិទ្យា, លោក ចាន់ មិថុនា សាស្ត្រចារ្យផ្នែកអគ្គិសនី, លោក ឈឿង រចនា ថ្នាក់ដឹកនាំនិស្សិតឆ្នើមទៅប្រកួតនៅម៉ាឡេស៊ី, លោក ប៊ិ ចិត្រា អតីត និស្សត សាកលវិទ្យាល័យន័រតុន រួមនិងសាស្ត្រាចារ្យ សិស្សនិស្សិតគ្រប់ឌឺប៉ាតឺម៉ង់ ក្នុងវិសាកលវិទ្យាល័យន័រតុន។
ក្នុងឱកាសនៃការធ្វើសន្និសីទសារព័ត៌មាននោះ លោកស្រី សូ សុគន្ធារី សាស្ត្រាចារ្យប្រចាំសកលវិទ្យាល័យ «ន័រតុន» បានឲ្យដឹងថា «កម្មវិធីនេះមានចំនួន ១៦ប្រទេស សរុបជាស្នាដៃ នៃការចូលរួមទាំងអស់ មានចំនួន ២៥០ស្នាដៃ។ លោកស្រីថា ក្នុងនោះ សាកលវិទ្យាល័យ ន័រតុន បានដាក់ស្នាដៃ ចូលរួមប្រកួតចំនួន ៦ស្នាដៃ មានសិស្សិតសរុបចំនួន១៤នាក់ និងសាស្ដ្រាចារ្យ ដឹកនាំចំនួន៧នាក់។ កម្មវិធីរបស់សាកលវិទ្យា គឺបង្ហាញស្នាដៃ របស់សិស្ស និស្សិត ជ័យលាភី ដែលមកពីផ្នែកអគ្គិសនី អេឡិចត្រូនិក និងផ្នែកកុំព្យូទ័រវិទ្យា នៃសាកលវិទ្យាល័យន័រតុន»។
សូមបញ្ជាក់ថា និស្សិតឆ្នើមបានទៅប្រកួតនៅឆាកអន្តរជាតិ (ប្រទេសម៉ាឡេស៊ី) ហើយបាននាំមកនូវមេដាយទាំង១០គ្រឿងនោះ គឺមកពីមហាវិទ្យាល័យ «ផ្នែកកុំព្យូទ័រ, ផ្នែកអគ្គិសនី និងអេឡិចត្រូនិច» ហើយមេដាយដែលទទួលបាននោះរួមមាន៖
១៖ ផ្នែកកុំព្យូទ័រ ៖
* គម្រោង NU Speech Recognition (មេដាយមាសលំដាប់ខ្ពស់បំផុត១, ពានរង្វាន់អ្នកវិទ្យាសាស្ត្រវ័យក្មេង១, រង្វាន់ថវិកា)
* គម្រោង NU Smart Fan (មេដាយមាស១, ពានរង្វាន់ពិសេស១)
* គម្រោង NU KH Driving Test (មេដាយមាស១)
២៖ ផ្នែក អគ្គិសនី និងអេឡិចត្រូនិច៖
* គម្រោងប្រព័ន្ធផ្តល់ព័ត៌មានពីអគ្គិភ័យតាមរយៈ GPRS/GSM (មេដាយមាស១)
* គម្រោងប្រព័ន្ធវិភាគទិន្នន័យពីស្ថានភាពដី សម្រាប់វិស័យកសិកម្ម (មេដាយមាស)
* គម្រោងប្រព័ន្ធផ្តល់ព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍(មេដាយប្រាក់, ពានពិសេស)។
លោក ប៊ិ ចិត្រា អតីតនិស្សិត សាកលវិទ្យាល័យន័រតុន បានថ្លែងថា «ពានរង្វាន់ទាំងនេះ ជាការសិក្សាស្រាវជ្រាវ ដើម្បីចូលរួម ការប្រកួតប្រជែង ។ ធ្វើយ៉ាងណាឲ្យសាធារណជន បានដឹងទូលំទូលាយ និងធ្វើអាជីវកម្ម ផ្នែកសិក្សាស្រាវជ្រាវ»។ លោកបន្តថា បច្ចុប្បន្នមានកម្មវិធីជាច្រើនដែល បានលើកទឹកចិត្ត និងបានជួយផ្សព្វផ្សាយផ្នែកអេឡិចត្រូនិកឲ្យសិស្សនិស្សិត នៅកម្ពុជាយល់ដឹងកាន់តែច្បាស់ឡើង។
សម្រាប់និស្សិតដែលបាន ទៅចូលរួមប្រលងប្រជែងបានទទួលមេដាយមាស យុទ្ធ សុផានិត សិក្សានៅមហាវិទ្យាល័យ កុំព្យូទ័រនៃ សាកលវិទ្យាល័យ «ន័រតុន» បានសម្តែងនូវក្តីរីករាយថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលសាលលវិទ្យាល័យ (ន័រតុន) បានឲ្យខ្ញុំបញ្ចេញសមត្ថភាព ដោយបានចូលរួមទៅប្រលងប្រជែងនៅលើឆាកអន្តរជាតិ (ប្រទេសម៉ាស៊ី)»។
សូមបញ្ជាក់ថា ការប្រកួតប្រជែងជាលក្ខណៈអន្ដរជាតិក្រោមប្រធានបទ «ការបង្កើតថ្មីគ្រោងថ្មី និងភាពច្នៃប្រឌិតវិទ្យាសាស្រ្តវ័យក្មេង» នេះគឺជាលើកដំបូងដែលសាកលវិទ្យាល័យ «ន័រតុន» តំណាងឲ្យប្រទេសកម្ពុជា ធ្វើជាគណៈកម្មការក្នុងការ បង្កើតឲ្យមានកម្មវិធីនេះឡើង ហើយសាកលវិទ្យាល័យ ក៏ត្រូវបានដាក់ឲ្យក្លាយជា គណៈកម្មការវាយតម្លៃស្នាដៃ របស់សិស្សនិស្សិត ក្នុងកម្មវិធីនោះដែរ ដែលមានលោក ចាន់ មិថុនា ជាគណៈកម្មធិការវាយតម្លៃ៕