(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ អញ្ជើញបើកសិក្ខាសាលាស្តីពី «ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់អង្គការគយពិភពលោក»។
សិក្ខាសាលានេះ មានរយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក និងមានគោលបំណងសំខាន់ដើម្បីបង្កើន ចំណេះដឹងជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំដល់មន្ត្រីជាថ្នាក់ដឹកនាំគយ ដើម្បីអាចចូលរួមចំណែកអភិវឌ្ឍស្ថាប័នគយ ប្រកបដោយប្រសិទ្ធភាព។
មន្ត្រីគយ និងរដ្ឋាករដែលជាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករចំនួន២២រូប ត្រូវបានជ្រើសរើសជាសិក្ខាកាមក្នុង សិក្ខាសាលានេះ ដែលនឹងបង្រៀនដោយលោក Rob Janson អ្នកជំនាញការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង និងកញ្ញា Valentyna Golubenko អ្នកជំនាញការផ្នែក កសាងសមត្ថភាព នៃអង្គការគយពិភពលោក។
លោក គុណ ញឹម បានគូសបញ្ជាក់ពីសារសំខាន់ នៃសិក្ខាសាលានេះ ក្នុងរដ្ឋបាលគយដោយមិនត្រឹមតែបង្កើនសមត្ថភាពដឹកនាំគ្រប់គ្រង ដល់សិក្ខាកាមនីមួយៗ ដែលជាថ្នាក់ដឹកនាំរបស់អង្គភាពទេ ប៉ុន្តែតាមរយៈសិក្ខាកាមដែលទទួលបានវគ្គសិក្សានេះ នឹងអាចផ្តល់នូវ ឥទ្ធិពលជាវិជ្ជមាន ដល់អង្គភាពទាំងមូល ក្នុងការចូលរួមចំណែកក្នុងការជំរុញប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើប កម្មស្ថាប័នគយឲ្យសម្រេចបាន នូវទស្សនវិស័យ និងបេសកកម្មរបស់ស្ថាប័ន ក្នុងការក្លាយជារដ្ឋបាលគយទំនើប ដែលស្របតាមបទដ្ឋាន និងការអនុវត្តល្អជាអន្តរជាតិ។
សូមជម្រាបថា ប្រធានបទដែលលើកយកមកបង្ហាត់បង្រៀន ដល់សិក្ខាកាមក្នុងសិក្ខាសាលានេះ មានរួមបញ្ចូលរវាងទ្រឹស្តីនៃភាពជា អ្នកដឹកនាំ នៃការគ្រប់គ្រងទំនើប និងការអនុវត្តផ្ទាល់ដើម្បីទទួលបាន៖
ទី១៖ការបង្កើនជំនាញគ្រប់គ្រងពាក់ព័ន្ធនឹងរដ្ឋបាលគយ៖ រដ្ឋបាលគយទំនើប ទស្សនវិស័យ ការចរចា ការគ្រប់គ្រងធនធានមនុស្ស ការទំនាក់ទំនង ការគ្រប់គ្រងការផ្លាស់ប្តូរ សុច្ចរិតភាពជាដើម។
ទី២៖ការបង្កើនសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការកែទម្រង់រដ្ឋបាលគយតាមរយៈភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព
ទី៣៖ការយល់ដឹងបន្ថែមទៀតស្តីពីតួនាទីរបស់អ្នកដឹកនាំក្នុងរដ្ឋបាលគយដើម្បីការអភិវឌ្ឍស្ថាប័នប្រកបដោយចីរភាព
ទី៤៖ការបង្កើនការយល់ដឹងស្តីពីវិធីសាស្រ្តដើម្បីក្លាយជាអ្នកដឹកនាំនិងគ្រប់គ្រង៕