Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូលរួមត្រេតអរ!​ ពលរដ្ឋនៅឃុំកំពង់ស្វាយ ខេត្តកំពង់ធំជាង៦ពាន់គ្រួសារ ទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត, អភិបាលខេត្តជំរុញឲ្យ ខិតខំបង្កបង្កើន ផលលើដីស្រែកាន់តែខ្លាំងឡើង

29-05-2017 14:32

(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅភូមិឥន្ទកុមារ និងភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយប្រមាណ៦,០៤២ក្បាល ដីស្មើនឹងចំនួនប្រជាពលរដ្ឋជាង៦ពាន់គ្រួសារ ដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ តាមតម្រូវការជាក់ស្តែង។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោកអភិបាលស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា កម្មវិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកឃុំកំពង់ស្វាយ នៅពេលនេះ មាន២ភូមិ គឺភូមិឥន្ទកុមារមាន២,៦១៧ក្បាលដី និងភូមិត្នោតមានចំនួន៣,៤២៥ក្បាលដី ក្នុងដីទាំងនោះរួមមាន ដីសម្រាប់សាងសង់ ដីផលិតកម្មកសិកម្ម ដីស្រះ ដីទួលកប់សាកសព ដីសាលារៀន ដីត្រពាំង ដីទួលអ្នកតា និងដីវត្តអារាម។

លោក សុខ លូ បានចាត់ទុកថា ការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុនេះ ពិតជាមានសារសំខាន់ដែលប្រជាពលរដ្ឋទាំងអស់គ្នាចង់បាន ហើយក៏ស្របតាមច្បាប់របស់រាជរដ្ឋាភិបាល ដែលផ្តល់ភាពងាយស្រួលដល់បងប្អូនក្នុងការ គ្រប់គ្រងកាន់កាប់ជាកម្មសិទ្ធិពេញលេញ ហើយដីទាំងអស់នេះ គឺជាក្តីសង្ឃឹម និងជាតម្រូវការរបស់បងប្អូន ក្នុងសហគមន៍ជាក់ស្តែង មួយវិញទៀត ដីទាំង៨ប្រភេទខាងលើនេះ ជាពិសេសដីផលិតកម្មកសិកម្ម គឺជាដីដែលនាំមកនូវភាពរីកចម្រើន នៃកម្រិតជីវភាព បងប្អូនក្នុងឃុំកំពង់ស្វាយ ព្រោះដីដែលចែកជូនបណ្ណកម្មសិទ្ធនេះ មានរហូតដល់ទៅ ៥,០៥៧ក្បាលដី ដែលមានចំនួនច្រើន សម្រាប់បង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សា ដែលជាវិស័យសេដ្ឋកិច្ចមួយដ៏ធំ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការ យកចិត្តទុកដាក់ ទាំងបរិមាណនាំចេញ និងគុណភាពអង្កផងដែរ។

លោកបន្ថែមថា «ការផ្តល់កម្មសិទ្ធិដីធ្លីក្នុងពេលនេះ ក្នុងសកម្មភាពជំរុញ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ឲ្យកាន់តែប្រសើរឡើង»

លោកក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ជាពិសេសច្បាប់ចរាចរណ៍ អប់រំកូនចៅឲ្យចៀសផុតពីគ្រឿងញៀន ព្រមទាំងទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដើម្បីការដឹកនាំប្រកបដោយសុខសន្តិភាពបន្តទៀត៕