(ភ្នំពេញ)៖ ស្ថានទូតអាមេរិក និងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅថ្ងៃនេះ បានសម្តែងការកោតសរសើរជាថ្មីម្តងទៀត ចំពោះវីរភាពរបស់កងទ័ពកម្ពុជា ចំពោះការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ។
ការសម្តែងការកោតសរសើរចំពោះវីរភាពរបស់កងយោធពលខេមរៈភូមិន្ទ បានធ្វើឡើងចំនឹង ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
ក្នុងសេចក្តីថ្លែងការណ៍ដែលបង្ហោះនៅលើបណ្តាញសង្គម Facebook នៅថ្ងៃនេះ ស្ថានទូតអាមេរិក បានលើកឡើងថា៖ «ថ្ងៃទី ២៩ ឧសភាគឺជាទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនៅក្នុងឱកាសនេះស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សូមអបអរសាទរចំពោះទឹកចិត្តមោះមុត និងភាពក្លាហាន របស់អ្នកថែរក្សាសន្តិភាពកម្ពុជា ដែលកំពុងធ្វើការដើម្បីធ្វើអោយមានសន្តិភាព និងស្ថិរភាព នៅក្នុងប្រទេសដែលដាច់ដោចដោយសារសង្គ្រាម។
ស្ថានទូតបានបន្ថែមថា តាំងពីឆ្នាំ ២០០៥ មក កងយោធពលខេមរភូមិន្ទ បានបញ្ជូនទាហានចំនួនជាង ៣ ០០០ នាក់ឱ្យធ្វើជាអ្នកថែរក្សាសន្តិភាព នៅតាមតំបន់ ដូចជានៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងប្រទេសលីបង់។ បេសកកម្មថែរក្សាសន្តិភាពពិតជាប្រឈមនឹងគ្រោះថ្នាក់ ដូចយើងដឹងហើយ ក្នុងខែនេះ ទាហានកម្ពុជាចំនួន ៤ នាក់ត្រូវបានសំលាប់ ក្នុងពេលគេធ្វើការដើម្បីធ្វើអោយជីវិតមានភាពល្អឡើង នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ យើងមិនភ្លេចពលិកម្មរបស់គេទេ។ សហរដ្ឋអាមេរិកគាំទ្រ ប្រតិបត្តិការថែរក្សាសន្តិភាពរបស់ប្រទេសកម្ពុជា តាមរយៈការហ្វឹកហ្វឺន។
ចំណែកលោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏បាននូវសារមួយ ដើម្បីអបអរដល់ ទិវាអន្តរជាតិ នៃកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ (២៩ ឧសភា)នេះដែរ។ នៅក្នុងសាររបស់តំណាងអង្គការសហប្រជាជាតិនេះ លោកស្រី ក៏បានកោតស្ញប់ស្ញែងចំពោះ វីរភាពរបស់កងទ័ពមួកខៀវកម្ពុជាដែរ។
លោកស្រី បានបញ្ជាក់ថា «យើងខ្ញុំសូមកោតសរសើរដល់វីរភាពរបស់កងកម្លាំងកម្ពុជាទាំងអស់ បុរស និងស្រ្តី ដែរបាននិងកំពុងបន្តអនុវត្ត បំពេញភារកិច្ចប្រកបដោយ ការលះបង់ខ្ពស់ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីរួចចំណែកដល់សន្តិភាព និងសន្តិសុខរបស់សាកលលោក ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ពួកគេនេះ គឺជាសេចក្តីត្រូវការចាំបាច់នាពេលនេះ ជាងពេលណាណាទាំងអស់»។
សូមបញ្ជាក់ថា នាថ្មីៗនេះ ទាហានមួកខៀវកម្ពុជាទាំង ៤រូប ដែលបានពិលីជីវិតក្នុងពេលបំពេញបេសកកម្មនៅប្រទេសអាហ្វ្រិកខាងត្បូង។ ទាហាន៤រូបនោះ នោះរួមមាន ៖ ១៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, ២៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, ៣៖ លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង ៤៖ លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការសោកស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់ទាហានដ៏ក្លាហានរបស់កម្ពុជា៕