(កំពង់ស្ពឺ)៖ កូនត្រីរ៉ស់ និងត្រីអណ្តែងចំនួន១០ម៉ឺនក្បាល ត្រូវបានព្រលែងចូលបឹងបុរាណស្រះស្រង់ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ជាមួយនឹងការស្តារឡើងវិញនូវស្រះបុរាណមួយនេះ ដោយត្រូវចំណាយថវិកាជាង៥,៧ម៉ឺនដុល្លារ សម្រាប់ទុកឲ្យបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ជាផ្លូវការ។
បឹងបុរាណស្រះស្រង់មានប្រវែងបណ្តោយ៨០០ម៉ែត្រ ទទឹង២០០ម៉ែត្រ ហើយត្រូវបានឧត្តមសេនីយ៍ លឹម ទាឡេង នាយការិយាល័យទី២ កងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទ ទទួលភារកិច្ចស្តារដោយចំណាយថវិកាផ្ទាល់ចំនួន៥៧៣០០ដុល្លារ ដោយជីកក្នុងជម្រៅ៣ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ។
ពិធីនេះមានការចូលរួមក្រោមអធិបតីភាពលោក ជុំ វង សមាជិកព្រឹទ្ធសភា លោកឧត្តមសេនីយ៍ លឹម ទាឡេង មន្ត្រីសាលាស្រុកគងពិសី និងប្រជាពលរដ្ឋប្រមាណ ២០០០នាក់ផងដែរ។
លោក ជុំ វង បានថ្លែងថា ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋក្នុងស្រុកគងពិសី បានថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ លឹម ទាឡេង ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ប្រកបដោយក្តីសប្បុរសជ្រះថ្លា ក្នុងការស្តារបឹងបុរាណស្រះស្រង់ តាមសំណូមពរប្រជាពលរដ្ឋ ជាសមិទ្ធិផលមួយ រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងរួមចំណែកធ្វើឲ្យ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ កាន់តែប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ឧត្តមសេនីយ លឹម ទាឡេង បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលស្រូវ រដូវវស្សា ធ្វើការងារចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ ដើម្បីជួយលើកដម្កើងដល់ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរ និងត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ជាចុងក្រោយនេះ គណៈអធិបតីបានអញ្ជើញ ធ្វើពិធីកាត់ខ្សែបូសមិទ្ធិផលនានាដែលក្នុងនេះក៏មាន សមិទ្ធិផលស្តារប្រឡាញបញ្ជូលទឹក ក្នុងស្រះស្រង់ ការសាងរូបសំណាកសត្វទាំង១២ សាលាបឋមសិក្សាឧដុង្គមានជ័យ ព្រលែងកូនត្រី និងចែកនូវរបស់កំដរ ដៃដល់អ្នកចូលរួមក្នុងកម្មវិធីមានអាវ និងក្រមាផងដែរ៕