(កំពង់ស្ពឺ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើការចុះបង្ក្រាប ទីតាំងទូហ្គេមបាញ់ត្រីចល័ត១កន្លែង និងបានឃាត់ខ្លួនស្រ្ដីម្នាក់ ដែលជាម្ចាស់ទីតាំង យកទៅសួរនាំទាក់ទង ព្រមទាំងការនាំទូហ្គេមលាក់ទុកនៅកន្លែងផ្សេងទៀតផងដែរ។
ក្នុងការចុះប្រតិបត្តិការបង្ក្រាបទីតាំងទូហ្គេមបាញ់ត្រីចល័តនេះ បានធ្វើឡើងនៅចំណុចផ្ទះជួល ក្នុងភូមិរំលោង សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានរឹបអូសទូហ្គេមបាញ់ត្រីចល័តចំនួន០១គ្រឿង។
ភ្លាមៗនោះ សមត្ថកិច្ចបាននាំទូហ្គេម និងស្ត្រីខាងលើ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ស្ពឺ។ កម្លាំងនគរបាល អាចនឹងទៅឆែក នៅកន្លែងផ្សេងទៀតតាមចម្លើយ របស់ស្រ្ដីជាម្ចាស់ទីតាំងទូហ្គេមខាងលើ ដោយសមត្ថកិច្ចដាក់ការសង្ស័យមានការលាក់ ទូហ្គេមនៅកន្លែងជាច្រើនផ្សេងទៀតផងដែរ៕