(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំបូកសរុបព្រឹត្តិការណ៍ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល១៤ថ្ងៃ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយនឹងប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតឃុំ-សង្កាត់ នៅម៉ោង៤៖០០នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំបូកសរុប ព្រឹត្តិការណ៍ទូទៅ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងការបិទផ្សាយបញ្ជី បោះឆ្នោតផ្លូវការ នៅតាមការិយាល័យបោះឆ្នោត នៅថ្ងៃទី០២ ខែមិថុនានោះ នឹងធ្វើឡើងក្រោមអធិបតីភាព លោកស្រី តែ ម៉ានីរ៉ុង សមាជិក គ.ជ.ប។
ចំណែកកិច្ចប្រជុំផ្សាយស្តីពី ការបូកសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោត នៅវេលាម៉ោង៤៖០០នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះ នឹងធ្វើឡើងក្រោមអធីបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅទីស្នាក់ការ គ.ជ.ប។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងរយៈពេលនៃការឃោសនា រយៈពេលនេះ គណបក្សនយោបាយនីមួយៗ បានដើរចែកខិត្តបណ្ណ មួក អាវយឺត បដាពាក្យស្លោក ស្លាកសញ្ញាគណបក្សតាមផ្ទះ ចាក់មេក្រូតាមទីស្នាក់ការគណបក្សរៀងៗខ្លួន និងមេក្រូចល័តតាមភូមិ ផ្សព្វផ្សាយសារនយោបាយ ដោយប្រើមធ្យោបាយម៉ូតូ ម៉ូតូកង់បីជាដើម។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ហើយនៅថ្ងៃទី០៣ ខែមិថុនា បន្ទាប់នោះ គ.ជ.ប បានកំណត់ទុកជាថ្ងៃ «ស» ដោយមិនអនុញ្ញាតឲ្យមានសកម្មភាពឃោសនានយោបាយ តាមរូបភាពណាមួយឡើយ ដើម្បីទុកឲ្យថ្ងៃមួយនេះ ជាថ្ងៃទំនេរ មុននឹងឈានចូលដល់ថ្ងៃបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ៕