ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្តចុះបើកការដ្ឋាន និងសាងសង់ផ្លូវ៣ខ្សែ ក្នុងមូលដ្ឋានស្រុកកោះធំ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ សម្រាប់ប្រជាពលរដ្ឋ
29-05-2017 12:18
(កណ្ដាល)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូ ចុះបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវលំ ចំនួន៣ខ្សែដែលមានតម្លៃរាប់ម៉ឺនដុល្លារ រួមមាន៖ ផ្លូវបេតុងចំនួនមួយខ្សែប្រវែង១,១០០ម៉ែត្រ និងផ្លូវដីក្រាលថ្មចំនួន២ខ្សែប្រវែង ៣,០០០ម៉ែត្រ ព្រមទាំងចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំកោះធំក ស្រុកកោះធំ។
នៅក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាផ្នែកមួយ ដ៏សំខាន់ក្នុងការជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងបង្កើនសេដ្ឋកិច្ចជាតិ ផងដែរ៕