(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានប្រកាសបញ្ចូលសមាជិកបក្សថ្មី ជាក្រុមយុវជនជំនាន់ក្រោយចំនួន១៧២នាក់ បន្ថែមទៀត ដែលសុទ្ធសឹងតែយុវជន មកពីតាមស្រុកនានាក្នុងខេត្ត ដើម្បីពង្រឹងកម្លាំងថ្នាក់មូលដ្ឋានកាន់តែខ្លាំងឡើង។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
លោក អ៊ុន ចាន់ដា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្អូនៗជាយុវជនដែល បានសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយជួយស្រោចស្រង់ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍ រីកចំរើនរហូត មកដល់សព្វថ្ងៃនេះ។
លោក អ៊ុន ចាន់ដា បានបន្តថា គណបក្សបរជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបើកទ្វារជានិច្ចស្វាគមន៍ចំពោះការ ចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឲ្យកាន់តែរីកចំរើនថែមទៀត។ ជាក់ស្តែងសូម្បីតែបងប្អូន ដែលជាសកម្មជនបក្សប្រឆាំង ជាច្រើនក៏បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា យើងវិញផងដែរយ៉ាងណាមិញ នៅថ្ងៃបើកយុទ្ធនាការ ឃោសនាថ្ងៃដំបូង នៅស្រុកត្បែងមានជ័យសកម្មជនបក្សប្រឆាំង៩៨នាក់ បានភ្ញាក់រលឹកមករួមរស់ជាមួយយើងវិញក្នុងនោះ ក៏មានអតីតមេឃុំមកពី គណបក្ស សម រង្សី ម្នាក់ផងដែរ។
លោកបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្ស ខ្លះនោះទេ ផ្ទុយទៅវិញយើងនាំគ្នាកសាងប្រទេសយើង ឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងថែមទៀត»។
លោក អ៊ុន ចាន់ដា បានសំណូមពរឲ្យយុវជនយើងដែលបានបញ្ចូលជាសមាជិកបក្សនៅពេលនេះ ត្រូវរួមសាមគ្គីគ្នាឲ្យរឹងមាំផ្សព្វផ្សាយ ពីគោលនយោបាយ បក្សឲ្យបានជ្រូតជ្រាបដល់ប្រជាពលរដ្ឋ ហើយនៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ត្រូវចេះដឹកនាំ សមាជិកបក្ស ក៏ដូចជាក្រុមគ្រួសារបងប្អូន ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាដើម្បីឲ្យ ឃុំ-សង្កាត់ យើងមានការអភិវឌ្ឍនបន្តទៅទៀត៕