(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាកុមារអន្តរជាតិ ខួបលើកទី៦៨ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ រោងភាពយន្ត Legend បានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដើម្បីជួលដល់កុមារកំព្រាប្រមាណ ជាង៧០០នាក់ ដែលសុទ្ធសឹងមានជីវភាពខ្វះខាត និងរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា Cambodia Children Fund (CCF) ក្នុងសង្កាត់ស្ទឹងមានជ័យ។
យ៉ាងហោចណាស់ មានកុមារមកពីគ្រួសារក្រីក្រ និងកុមារកំព្រា ប្រមាណ៧២០នាក់កំពុងស្នាក់នៅ សិក្សានិងត្រូវការជំនួយពីសប្បុរសជនបន្ថែម ដើម្បីបន្តការរស់នៅ និងសិក្សារបស់ពួកគេ។ ដើម្បីជាកម្លាំងចិត្ត និងជាការជួយសម្រាលការលំបាករបស់ពួកគេ រោងភាពយន្ត Legend បានបង្កើតឲ្យមានកម្មវិធីសប្បុរសធម៌ មួយរួមគ្នាជាមួយសប្បុរសជន។
តំណាងរោងភាពយន្ត Legend បានលើកឡើងថា នេះមិនមែនជាព្រឹត្តិការណ៍លើកដំបូងទេ ដែលLegend បានបង្កើតឡើង ហើយនេះ គឺជាផ្នែកមួយនៃការជួយត្រឡប់ទៅសង្គមវិញ អស់រយៈពេល៦ឆ្នាំមកហើយ។ នេះគឺជាកម្មវិធីថ្មី ដែលធ្វើឡើងដើម្បីចូលរួមលើកទឹកចិត្ត ដល់កុមារដែលកំពុងប្រឈម នឹងភាពខ្វះខាត បាត់បង់កម្លាំងចិត្ត និងរស់នៅជាមួយ នឹងជំងឺប្រចាំកាយ។ អ្វីដែលយើង នឹងរួមគ្នាធ្វើនៅពេលនេះ ព្រោះយើង ស្រឡាញ់ យើងយកចិត្តទុកដាក់ យើងចែករំលែក និងយើង ផ្គត់ផ្គង់ដល់ពួកគេ។
តំណាងដដែលរូបនេះ បានបញ្ជាកថា កម្មវិធីនេះនឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ដៃគូសហការ សប្បុរសជនដែលមានបំណងចូលរួមជួយដល់ពួកគេ ទាំងសម្ភារៈសិក្សា អាហារ និង ថវិកា ទាំងការអញ្ជើញទៅចូលរួមដោយផ្ទាល់ និងផ្តល់មកកាន់រោងភាពយន្ត Legend ។ ក្រៅពីការជួយជាសម្ភារៈ អាហារ និងថវិកា រោងភាពយន្ត មួយនេះក៏បានធ្វើការប្រកាស ទទួលយកអ្នកមានបំណងជួយរៀបចំកម្មវិធីនានា ពីក្រុមយុវជនស្ម័គ្រចិត្ត ផងដែរ។
ប្រអប់សំបុត្រ សម្រាប់ទទួលជំនួយពីសប្បុរសជន ចាប់ពីថ្ងៃទី២៥ខែឧសភានេះតទៅ នៅគ្រប់រោងភាពយន្ត Legend ។ កម្មវិធីខាងលើ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១មិថុនា ខាងមុខនេះ ដោយចាប់ពីម៉ោង៧ដល់ម៉ោង១១និង៣០ នាទី ដែលមានការថ្លែងសន្ទរកថា ស្វាមគមន៍ ពីតំណាងអង្គការមូលនិធិកុមារកម្ពុជា (CCF) ពីរោងភាពយន្ត Legend ការចែកអំណោយដល់សិស្សានុសិស្ស ការលេងហ្គេមកម្សាន្តសម្រាប់កុមារ ការថតរូបជុំគ្នាជាដើម។ នៅរសៀលថ្ងៃដដែល ក៏នឹងមានកម្មវិធីពិសេសៗជាច្រើនទៀត ដូចជាការសម្តែង និងច្រៀងរបស់ក្រុមកុមារមកពីអង្គការមូលនិធិកុមារកម្ពុជា (CCF) ហើយក៏នឹងមានការចាក់បញ្ជាំងភាពយន្ត គំនូរជីវចលដ៏ល្បីល្បាញគឺរឿង«Sing» ជូនពួកគេទស្សនាផងដែរ៕