(ពោធិ៍សាត់)៖ លោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះថា ប្រធានគណបក្សសង្គ្រោះជាតិឈ្មោះ យ៉ាន់ សេងហ៊ត ត្រូវបានព្រះរាជអាជ្ញារងរបស់លោក ធ្វើការចោទប្រកាន់ជាផ្លូវការហើយ ពីបទ «បើកបរបណ្តាល ឲ្យអ្នកដទៃ របួសមានស្ថានទម្ងន់ តាមមាត្រា៨៣ ក.២ ចំណុចឃ»។ លោកព្រះរាជអាជ្ញា បានបញ្ជាក់ថា នៅពេលនេះជនត្រូវចោទ ត្រូវបានបញ្ជូនបន្តទៅ សួរនាំនៅដៃចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តទៀត។
បើតាមលោកព្រះរាជអាជ្ញា តាមច្បាប់ជននេះត្រូវប្រឈមមុខនឹងជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ហើយពិន័យប្រាក់ផងដែរ។ នៅក្នុងការចោទប្រកាន់របស់ព្រះរាជអាជ្ញានោះ ក៏បានស្នើសុំឲ្យឃុំខ្លួនបណ្តោះអាសន្នផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ដែលបើករថយន្ត បុកក្មេងប្រុសអាយុ៦ឆ្នាំ ហើយបើកគេចខ្លួនមិនឈប់ទទួលខុសត្រូវនោះ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់ តុលាការចាត់ការតាមច្បាប់ បន្ទាប់ពីសាកសួរអស់ពីរថ្ងៃ។
វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានអះអាងនៅក្នុងរបាយការណ៍កំណត់ហេតុថា ប្រធានគណបក្ស CNRP ខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ពិតជាបានបើករថយន្តក្នុងល្បឿនលឿន បុកក្មេងប្រុសអាយុ៦ឆ្នាំ ខ្ទាតជាង១២ម៉ែត្រ ហើយបន្ថែមល្បឿនបើកគេចខ្លួនមិនទទួលខុសត្រូវ។
កុមារារងគ្រោះឈ្មោះ ណាត សុវណ្ណឌី អាយុទើបតែ៦ឆ្នាំ កំពុងស្ថិតក្រោមការជួយសង្គ្រោះនៅមន្ទីរគន្ធបុប្ផា ខេត្តសៀមរាប ពោលនៅបន្តសន្លប់នៅឡើយទេ គឺរហូតដល់ប្រេះខួក្បាលទៀតផង។ ឪពុកក្មេងរងគ្រោះ បានប្រាប់អធិការនគរបាលស្រុកវាលវែង តាមទូរស័ព្ទនាថ្ងៃនេះថា កូនប្រុសរបស់លោក នៅសន្លប់លើគ្រែពេទ្យនៅឡើយទេ ហើយស្ថានភាពក៏មិនទាន់ធូរស្រាលផងដែរ ដោយក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។
របាយការណ៍នរគបាលប៉ុស្តិ៍ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង បានសរសេររៀបរាប់បញ្ជាក់ថា៖
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៥៖៣០នាទីរសៀលមានគ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឡើងដោយឈ្មោះ យ៉ាន់ សេងហ៊ត ភេទប្រុស អាយុ៤៨ឆ្នាំ បានបើកបររថយន្ត ម៉ាកប៉ាស៊ីរ៉ូ ពណ៌ស ស្លាកលេខ 2C-1466 ភ.ព ពីរទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកក្មេងប្រុសឈ្មោះ ណាតត សុវណ្ណឌី ភេទប្រុស អាយុ៦ឆ្នាំ ដើរឆ្លងផ្លូវពីរទិសខាងជើង ទៅទិសខាងត្បូងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ មូលហតុដោយសារល្បឿនលឿនហើយជនបង្ករបានបើក រថយន្តទៅទិសខាងកើតគេចខ្លួនបាត់។
យោងតាមកំណត់ហេតុរបស់នគរបាលប៉ុស្តិ៍បានបញ្ជាក់ថា យ៉ាន់ សេងហ៊ត ពិតជាបើកបរក្នុងល្បឿនលឿនបុកក្មេងរងគ្រោះខ្ទាតចំងាយ១២,២០ម៉ែត្រ រួចជនបង្កបានបើករថយន្តគេចខ្លួន ដោយកម្លាំងប្រជាការពារឃាត់រថយន្តនៅចំណុចអូរលាកកន្សែង ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ក៏មិនឈប់ ហើយបើកបន្ថែមល្បឿនរហូតទៅដល់ភូមិព្រែក១ ឃុំសំរោង ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីទីតាំងកើយហេតុ
ទើបកម្លាំងនគរបាលស្រុកភ្នំក្រវាញ ប្រើប្រាស់វិធានការទប់ស្កាត់ឃាត់ចាប់បាន។
អធិការនគរបាលស្រុកវាលវែង បានបញ្ជាក់ថា ជនបង្កឈ្មោះ យ៉ាន់ សេងហ៊ត ភេទប្រុស អាយុ៤៩ឆ្នាំ ពិតជាមានគំនិតទុច្ចរិត មិនទទួលខុសត្រូវគេចវែសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដូចមានចែងក្នុងមាត្រា៨៣ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕